កំហុសធំ ៧ យ៉ាង ឪពុកម្តាយកំពុងបំផ្លាញដល់ការអភិវឌ្ឍខួរក្បាលរបស់កូន
បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងពិភពលោកដែលកើនឡើងភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាឪពុកម្តាយ គួរណាស់កុំបណ្តោយឱ្យបញ្ហានេះមានឥទ្ធិពលទៅលើកូនគ្រប់ៗរូប។ ជាការពិតណាស់ បើខួរក្បាលកូនល្អ ការគិតខ្លាំង ពួកគេមិនត្រឹមតែអាចត្រៀមខ្លួនដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯងនៅថ្ងៃមុខប៉ុណ្ណោះទេ តែថែមទាំងផ្តល់ផលល្អចំពោះការសិក្សា និងការងាររបស់ពួកគេនៅថ្ងៃអនាគតផងដែរ។ ដូច្នេះបើចង់ឱ្យខួរក្បាលកូនអភិវឌ្ឍល្អ ឪពុកម្តាយគប្បីជៀសវាងបង្កើតកំហុស ៧ យ៉ាងដូចខាងក្រោម៖
១. មិនខ្វល់ពីអារម្មណ៍របស់កូន
អ្នកមិនត្រូវអើពើនៅពេលកូនមានបញ្ហានោះទេ ព្រោះជាឪពុកម្តាយ អ្នកគឺជាវីរបុរសរបស់កូនគ្រប់រូប។ តាមធម្មតាកូនមានតម្រូវការបើកបង្ហាញការនិយាយ និងលើកឡើងពីអារម្មណ៍របស់ពួកគេ។ នៅពេលអ្នកប្រាប់ពួកគេថា «កុំបារម្ភ» និង «គ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ» នោះពួកគេនឹងមានអារម្មណ៍ធូរស្បើយចិត្ត ហើយចាប់ផ្តើមគិតអ្វីក្នុងផ្លូវវិជ្ជមាន។ អ្នកត្រូវបង្រៀនកូនឱ្យចេះគ្រប់គ្រងអារម្មណ៍ និងរិះរកវិធីដើម្បីដោះស្រាយ។ ការធ្វើដូចនេះ វាជាវិធីជួយឱ្យខួរក្បាលរបស់កូន បានអនុវត្តក្នុងការស្វែងរកដំណោះស្រាយរហូតទទួលបានលទ្ធផល។
២. តែងតែជួយកូនពីការបរាជ័យ
ជាឪពុកម្តាយ វាពិតជាពិបាកនៅពេលឈរមើលកូនកំពុងជួបឧបសគ្គ ទោះដឹងថាឧបសគ្គនោះយើងអាចដោះស្រាយបានយ៉ាងងាយស្រួលក៏ដោយ។ តែយ៉ាងណាមិញ ការជួយឱ្យកូនចេញពីឧបសគ្គស្រួលពេក វាគឺជាវិធីដែលធ្វើបាបកូនយ៉ាងដូច្នោះវិញ។ ឪពុកម្តាយអាចត្រឹមជាអ្នកចង្អុលបង្ហាញ តាមដាន និងផ្តល់ដំបូន្មាន។ ការមិនផ្តល់ឱកាសឱ្យកូនរៀនពីភាពបរាជ័យ ទៅថ្ងៃមុខពួកគេគ្មានថ្ងៃអភិវឌ្ឍស្មារតីដើម្បីជម្នះយកភាពជោគជ័យឡើយ។
៣. ការបណ្តោយតាមចិត្តកូនពេក
កូនស្រលាញ់របស់លេង ឯឪពុកម្តាយសប្បាយផ្តល់ឱ្យគ្រប់យ៉ាង តែតាមការស្រាវជ្រាវបង្ហាញថា នៅពេលអ្នកផ្តល់ឱ្យកូនគ្រប់យ៉ាងតាមចិត្តពេក កូននឹងបាត់បង់ជំនាញទាក់ទងនឹងភាពខ្លាំងរបស់ខួរក្បាលម្យ៉ាង គឺ ការគ្រប់គ្រងអារម្មណ៍។ ឪពុកម្តាយអាចបង្រៀនកូនឱ្យចេះគ្រប់គ្រងអារម្មណ៍ ដោយកំណត់គោលការណ៍ខ្លួនឯងនៅពេលចង់ធ្វើអ្វីមួយ ឬចង់បានអ្វីមួយ ឧទាហរណ៍ ធ្វើលំហាត់ឱ្យរួចរាល់មុនពេលមើលទូរទស្សន៍ ឬរៀនឱ្យបានពិន្ទុល្អទើបទិញរបស់ធំឱ្យ ឬចេះសន្សំលុយដើម្បីទិញរបស់ក្នុងក្តីស្រមៃជាដើម។
៤. រំពឹងភាពឥតខ្ចោះពីកូន
ទទួលស្គាល់ថា ឪពុកម្តាយគ្រប់រូបសុទ្ធតែចង់ឱ្យកូនរបស់ខ្លួនឥតខ្ចោះគ្រប់យ៉ាង។ តែចងចាំថា លើលោកនេះគ្មានអ្វីដែលឥតខ្ចោះនោះទេ។ ការកំណត់យកភាពឥតខ្ចោះខ្លាំងពេក អាចប្រឈមជាមួយការបាត់បង់តម្លៃរបស់ខ្លួន និងបាត់បង់ទំនុកចិត្តនៅពេលក្រោយ។ ដើម្បីជួយអភិវឌ្ឍខួរក្បាលរបស់កូន អ្នកត្រូវមានការរំពឹងទុកទៅតាមភាពជាក់ស្តែង។ បើទោះកូនធ្វើមិនបានល្អ ឬជោគជ័យមិនដល់កំពូល អ្នកត្រូវតែជាមនុស្សតែម្នាក់ដែលតែងតែនៅក្បែរ លើកទឹកចិត្ត និងជំរុញកូនឱ្យជោគជ័យនៅជំហានបន្ទាប់។
៥. ឱ្យកូនស្រណុកខ្លាំងពេក
មានអ្វីៗជាច្រើនដែលធ្វើកូនរបស់អ្នកមានអារម្មណ៍មិនស្រណុក ជាពិសេសការសាកល្បងនូវអ្វីដែលថ្មីៗដូចជា៖ ម្ហូបថ្មី រាប់អានមិត្តភក្តិថ្មី លេងកីឡាថ្មី សកម្មភាពថ្មី ឬប្តូរទៅសាលារៀនថ្មីជាដើម។ ចំណុចនេះដូចទៅនឹងការបរាជ័យដែរ បើពួកគេមិនជួបអ្វីដែលពិបាក អ្វីដែលថ្មី ពួកគេមិនអាចអភិវឌ្ឍខ្លួននោះទេ។ ដូចនេះត្រូវលើកទឹកចិត្តឱ្យកូនសាកល្បងនូវអ្វីដែលថ្មី ជួយពួកគេឱ្យមានការចាប់ផ្តើម ឱ្យពួកគេដឹងថាអ្វីដែលជួបវាមិនពិបាកដូចការគិតរបស់ពួកគេឡើយ។ ជួនអ្វីដែលពួកគេជួប វាអាចនឹងធ្វើឱ្យពួកគេចូលចិត្តកាន់តែខ្លាំងក៏ថាបាន។
៦. មិនកំណត់ព្រំដែន ឬគោលការណ៍នៅក្នុងគ្រួសារ
កូនដែលមានខួរក្បាលខ្លាំង តែងមានឪពុកម្តាយដែលមានវិន័យ ឬគោលការណ៍នៅក្នុងគ្រួសារ។ អាចជាការកំណត់ព្រំដែនការចូលគេងទៀងម៉ោង ចូលផ្ទះទៀងម៉ោង ឬប្រកាន់ខ្ជាប់ទម្លាប់ណាមួយជាប្រចាំជាដើម។
៧. មិនខ្វល់ពីខ្លួនឯង
ដូចបានដឹងស្រាប់ ឪពុកម្តាយជាគំរូដល់កូនៗ អ្វីដែលអ្នកធ្វើនឹងមានឥទ្ធិពលដល់ពួកគេជានិច្ច។ ការខ្វល់ខ្វាយពីខ្លួនឯង សម្តៅដល់ការបង្ហាញពីទម្លាប់ថែទាំសុខភាពដូចជា ការបរិភោគអាហារនាំមកនូវសុខភាពល្អ ការធ្វើលំហាត់ប្រាណជាប្រចាំ ឬយកពេលទៅលម្ហែដើម្បីបន្ធូរអារម្មណ៍ជាដើម។ ជាពិសេស នៅពេលមានបញ្ហាសុខភាពណាមួយកើតឡើង អ្នកគប្បីបង្ហាញពួកគេអំពីវិធីដោះស្រាយ សូម្បីតែពេលមានអារម្មណ៍ស្ត្រេសក៏ត្រូវប្រាប់ពួកគេពីវិធីដោះស្រាយផងដែរ៕