![កុំមើលរំលង ពាក្យពេចន៍ទាំងនេះ ប៉ាម៉ាក់គួរបង្កើតទម្លាប់ល្អ និយាយដាក់កូនរៀងរាល់ថ្ងៃ](https://www.popular.com.kh/wp-content/uploads/2024/01/Child.jpg)
កុំមើលរំលង ពាក្យពេចន៍ទាំងនេះ ប៉ាម៉ាក់គួរបង្កើតទម្លាប់ល្អ និយាយដាក់កូនរៀងរាល់ថ្ងៃ
ជាការពិតណាស់ ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់កូនៗ គឺកើតឡើងដោយការរៀនពីឪពុកម្តាយច្រើនបំផុត។ ក្នុងនោះ ក៏រួមមានការរៀនពីមនុស្សពេញវ័យនៅជុំវិញខ្លួន និង ពីសាលារៀនផងដែរ។ ក្នុងនាមជាឪពុកម្តាយ គឺពិតជាចាំបាច់ណាស់ក្នុងការបណ្តុះទម្លាប់ដ៏ល្អសម្រាប់កូនៗនៅពេលពួកគេធំឡើង។
ខាងក្រោមនេះ គឺជាពាក្យពេចន៍សាមញ្ញៗចំនួន ៥ ដែលប៉ាម៉ាកគួរតែរៀនប្រើជាមួយកូនជារៀងរាល់ថ្ងៃ ដើម្បីបង្កើតជាទម្លាប់ល្អដល់កូននៅពេលធំឡើង៖
១. អរគុណ៖
ការបង្រៀនកូនរបស់អ្នកឱ្យដឹងគុណ គឺជាវិធីដ៏ល្អមួយដើម្បីចិញ្ចឹមពួកគេឱ្យដឹងគុណចំពោះអ្វីដែលពួកគេមាន។ ការនិយាយថា «អរគុណ» ទៅកាន់កូននៅពេលគាត់ធ្វើរឿងល្អ គឺជាវិធីបង្រៀនយ៉ាងសាមញ្ញ និង យល់ពីអត្ថប្រយោជន៍នៃការនិយាយថា «អរគុណ»។
២. កុំគួរសមអី/ មិនអីទេ៖
ប្រសិនបើប៉ាម៉ាក់ បង្រៀនកូនឱ្យចេះប្រើពាក្យ «អរគុណ» ហើយនោះ ប៉ាម៉ាក់គួរតែបង្រៀនឱ្យពួកគេចេះឆ្លើយតបនូវពាក្យគួរសមវិញដូចគ្នា។ ពាក្យថា «កុំគួរសមអី» ឬ «មិនអីទេ» គួរតែបង្រៀនដល់កូនៗ។ ឧទាហរណ៍ នៅពេលមានអ្នកណានិយាយពាក្យថា «អរគុណ» អ្នកគួរឱ្យកូននិយាយត្រឡប់ទៅវិញថា «កុំគួរសមអី» ឬ «មិនអីទេ»។
៣. ទេ ៖
ពាក្យថា «ទេ» គឺជាគន្លឹះដើម្បីបង្រៀនកូនឱ្យចេះពីរបៀបដោះស្រាយ និង ចេះបដិសេធ។ ក្នុងវ័យកុមារភាព កុមារងាយរងគ្រោះ និង អាចប្រឈមនឹងអំពើហិង្សា ឥទ្ធិពល ឬទម្រង់នៃការរំលោភបំពានផ្សេងៗ។ ប៉ាម៉ាក់ ត្រូវបង្រៀនឱ្យយល់ការនិយាយពាក្យ «ទេ» គឺមិនខុសនោះឡើយ។ វិធីនេះ ប៉ាម៉ាក់ជួយដល់កូនឱ្យមានអារម្មណ៍ល្អក្នុងការវិនិច្ឆ័យ ហើយឈរដោយការជឿជាក់របស់ពួកគេ។
៤. សុំទោស៖
ប៉ាម៉ាក់ គួរតែនិយាយពាក្យ «សុំទោស» ទៅកាន់កូននៅពេលអ្នកធ្វើអ្វីខុស ដើម្បីឱ្យកូនៗដឹងថា រាល់ការធ្វើអ្វីខុស ត្រូវតែចេះនិយាយពាក្យ «សុំទោស»។ វិធីនេះ គឺជាទម្លាប់ល្អបង្រៀនដល់គេឱ្យដឹងពីកំហុស។
៥. សូមមេត្តា/ដោយក្ដីអនុគ្រោះ (អធ្យាស្រ័យ)៖
ការផ្តល់តម្លៃនៃការគោរព គឺជាគន្លឹះក្នុងការបង្រៀនកូនអ្នកឱ្យនិយាយថា «សូមមេត្តា/ សូម» (Please) ពេលពួកគេត្រូវការជំនួយពីនរណាម្នាក់។ កុមារត្រូវទទួលការបង្រៀន ពីការឱ្យតម្លៃ និង គោរពទៅកាន់មិត្តភក្តិវ័យប្រហាក់ប្រហែលគ្នាផងដែរ ពោលគឺមិនគោរពសម្រាប់តែមនុស្សពេញវ័យនោះទេ។ បើកូនៗអ្នកត្រូវការជំនួយពីនរណាម្នាក់មិនថា មនុស្សពេញវ័យ ឬមិត្តភក្តិនោះទេ គេគួរតែចេះប្រើពាក្យគួរសម។ ឧទាហរណ៍៖ «សូមជួយយករបស់នោះឱ្យខ្ញុំបន្តិច!»៕
ប្រភព៖ seekapor.com