កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ អភិបាលក្រុងបាងកក ប្រទេសថៃ បានធ្វើការអំពាវនាវដល់ពលរដ្ឋ បុគ្គលិកអូហ្វិស និង អ្នកជំនួញក្នុងក្រុង ឱ្យធ្វើការពីផ្ទះទៅ ដើម្បីកាត់បន្ថយចរាចរណ៍ និង ផ្សែងចេញពីគ្រឿងយានយន្ត ទប់ស្កាត់ការបំពុលខ្យល់ក្នុងក្រុងកាន់តែខ្លាំង។

បើតាមការបញ្ជាក់ពីខាងអាជ្ញាធរបានឱ្យដឹងថា កំហាប់ធូលី PM2.5 កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ បានហក់ឡើងដល់ ៤៧ មីក្រូក្រាម/ម៉ែត្រគូប ដែលលើសពីកម្រិតសុវត្ថិភាពខ្លាំង។ តំបន់រហូតដល់ ៦២ ក្នុងទីក្រុងបាងកក គឺជាតិពុលបរិយាកាសឡើងកម្រិតពណ៌ទឹកក្រូច មានន័យថាកម្រិតនេះគឺអាចប៉ះពាល់ដល់សុខភាពបាន។ ដោយឡែក តាមសង្កាត់ខ្លះនៅក្នុងក្រុង កម្រិតជាតិពុលបរិយាកាសគឺហក់ឡើងអាក្រក់ខ្លាំងដល់ ៦០ មីក្រូក្រាម/ម៉ែត្រគូប។

គួរបញ្ជាក់ដែរថា ស្ថានភាពបំពុលបរិយាកាសនេះ មិនមែនកើតមានឡើងត្រឹមតែក្រុងបាងកកប៉ុណ្ណោះទេ ប៉ុន្តែក៏រកឃើញមាននៅតាមខេត្តចំនួន ២១ ផ្សេងទៀតដែរ។ គុណភាពខ្យល់ក្នុងប្រទេសថៃ គឺទំនងជាមិនទាន់ធូរស្រាលឡើយក្នុងពេល ៧ ថ្ងៃខាងមុខទៀត ដូច្នេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋខ្លួនបន្តធ្វើតាមវិធានការការពារ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព៕


