តារាហ៊ីបហ៊បអាមេរិកដ៏ល្បី Sean ‘Diddy’ Combs ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ២ ខែ ក្រោយរកឃើញជាប់បទល្មើសពាក់ព័ន្ធអំពើពេស្យាចារ។
កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ចៅក្រមសហព័ន្ធក្រុងញ៉ូយ៉កបានប្រកាសសាលក្រមកាត់ទោសលោក Diddy ជាផ្លូវការ។ ការសម្រេចសាលក្រមនេះដែរ បានធ្វើឡើងត្រឹមប៉ុន្មានខែ ក្រោយតុលាការសហព័ន្ធកាលពីខែកក្កដាកន្លងទៅ បានលើកលែងទោសឱ្យ P Diddy ពីបទចោទប្រកាន់ធ្ងន់ធ្ងរបំផុតមកលើលោក។ P Diddy បានរកឃើញថាមិនមានកំហុសលើរាល់ការចោទប្រកាន់លើលោកកន្លងមក ចាប់តាំងពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ លើកលែងតែ ២ ករណីដែលតុលាការសម្រេចកាត់ក្ដីខាងលើនេះ។
ខណៈ លោកត្រូវបានជាប់ឃុំរង់ចាំការកាត់ក្ដីអស់រយៈពេល ១៣ ខែមកហើយនោះ P Diddy នឹងត្រូវបន្តជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត បូករួមការពិន័យជាប្រាក់ ៥០ ម៉ឺនដុល្លារទៀត។ ជាមួយគ្នានោះ ក្រោយបញ្ចប់ការឃុំឃាំង លោកក៏ត្រូវតុលាការបន្តតាមដានរយៈពេល ៥ ឆ្នាំពីលើទៀតដែរ៕