នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ កងទ័ពកម្ពុជា បានបើកការវាយបកលើទាហានឈ្លានពានថៃ ដែលបានបាញ់មកលើកងទ័ពរបស់កម្ពុជាមុន និង បានបិទប្រាសាទតាមាន់របស់កម្ពុជា មិនឱ្យប្រជាពលរដ្ឋចូល។
ស្របពេលកងកម្លាំងជួរមុខកំពុងតែព្យាយាមយ៉ាងហានក្លាតបតនឹងសត្រូវដែលឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ក៏បានចេញការបង្ហោះក្ដៅៗមួយដោយប្រាប់ឱ្យបងប្អូនពលរដ្ឋកម្ពុជាទាំងអស់កុំនាំគ្នាភិតភ័យស្លន់ស្លោរហូតដល់ទិញអង្ករទំនិញស្តុកទុក ឬក៏មានការលក់ទំនិញឡើងថ្លៃជាដើម។
សម្តេចបានបន្ថែមទៀតថា បងប្អូនទាំងអស់សូមប្រកបកិច្ចការតាមធម្មតាលើគ្រប់វិស័យ និង គ្រប់កន្លែង ដោយលើកលែងតែនៅតាមតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃប៉ុណ្ណោះ។
ជាចុងក្រោយ សម្តេចសូមឱ្យបងប្អូនជនរួមជាតិទាំងទុកចិត្តលើរដ្ឋាភិបាល និង កងកម្លាំងប្រដាប់អាវុធរបស់យើង៕