ប្រុសៗនៅកម្ពុជាធ្វើការ ៨ តំណែងនេះ ឡូយខ្លាំង ហើយល្បីថាស្រីៗស្រឡាញ់ច្រើន
គ្រប់ការងារទាំងអស់មិនថាមុខតំណែងអ្វីសុទ្ធតែមានតម្លៃ និង ចំណុចពិសេសទាំងអស់ លើកលែងតែការងារទុច្ចរិត ។ តែថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកការងារ ៨ មុខតំណែងមានភាពលេចធ្លោខ្លាំង ហើយទម្រាំតែទទួលបានមុខតំណែងទាំងនេះ គឺទាមទារនូវសមត្ថភាពដ៏ពូកែ និង គុណសម្បត្តិច្រើនយ៉ាងណាស់ ។ ដូច្នេះសូមមកដឹងទាំងអស់គ្នា ៖
១. អ្នកបើកយន្តហោះ
មានយុវជនកម្ពុជាមិនច្រើនប៉ុន្មានឡើយ បានក្លាយជាអ្នកបើកយន្តហោះ ដោយសារការសិក្សា ទៅលើជំនាញនេះត្រូវសិក្សានៅបរទេស និង ចំណាយប្រាក់រាប់ម៉ឺនដុល្លារ ។ ទម្រាំក្លាយជាអ្នកបើកយន្តហោះម្នាក់ត្រូវទាមទារលក្ខខណ្ឌជាច្រើនទាំងរូបសម្បត្តិ កាយសម្បទា សុខភាព ភាពស្វាហាប់ ក្លាហាន ស្មារតីខ្ពស់ ពិសេសនោះចេះភាសាអង់គ្លេសច្បាស់បំផុត ។ ប្រាក់ខែដែលទទួលបានពីមុខតំណែងនេះនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេទម្លាយថាមិនក្រោម ២ ម៉ឺនដុល្លារនោះទេ ។
២. សវនករ
ចំណែកឯអ្នកដែលធ្វើការជាសវនករវិញក៏មិនធម្មតាដែរ ក្រោយបញ្ចប់ការសិក្សាលើមុខជំនាញសវនកម្ម គេមានឱកាសបំពេញការងារនៅក្រសួងសេដ្ឋកិច្ច ឬក្រសួងនានា ឬបណ្ដាធនាគារ ក្រុមហ៊ុនឯកជនធំៗ ។ តំណែងនេះមានតួនាទីសំខាន់ៗដូចជា ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្តិការ និង កម្មវិធីរបស់អង្គភាព ក្នុងការិយបរិច្ឆេទសមស្របរបស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ លើការបង្កើតផែនការ ការតម្រង់ទិស ការចាត់ចែង និង ការត្រួតពិនិត្យ ដោយផ្អែកតាមគោលការណ៍ណែនាំ គោលនយោបាយ និង នីតិវិធី នៃការគ្រប់គ្រង ឲ្យបានត្រឹមត្រូវ តាមគោលដៅរបស់អង្គភាពនីមួយៗ ។
ចំណែកឯប្រាក់ខែ ឬក៏កម្រៃដែលរកបានពីមុខតំណែងនេះក្នុងមួយខែៗអាចទទួលបានរាប់ពាន់ដុល្លារឯណោះ ។
៣. វេជ្ជបណ្ឌិត
និយាយពីរឿងប្រាក់ចំណូលវិញ គឺដឹងស្រាប់ហើយ ការជួយសង្គ្រោះអាយុជីវិតមនុស្ស នឹងទទួលបានប្រាក់កម្រៃមកវិញក៏មិនតិចដែរ ។ ថ្វីដ្បិតត្រូវចំណាយអស់រាប់ពាន់លើការសិក្សា តែក្រោយរៀនចប់គេអាចក្លាយជាគ្រូពេទ្យប្រចាំមន្ទីរពេទ្យធំៗ អាចក្លាយជាឱសថការី ទៅតាមជំនាញដែលពួកគេបានសិក្សា ។ នៅពេលរៀបការហើយ គេនឹងក្លាយជាគ្រូពេទ្យប្រចាំគ្រួសារ ពេលមានឈឺថ្កាត់យប់ព្រលប់ មិនចាំបាច់រត់ទៅណាឆ្ងាយ ។ គេអាចមើលថែប្រពន្ធកូន ជាទីស្រលាញ់ ព្រមទាំងឪពុកម្ដាយទាំងសងខាង ។
៤. មេធាវី
ការងារជាមេធាវីថ្វីដ្បិតតែពុំសូវមានពេលវេលាគ្រប់គ្រាន់មែន តែដឹងស្រាប់ហើយក្នុងដំណើរដោះស្រាយរឿងក្ដីមួយរឿងៗ គេទទួលបានចំណូលពីកូនក្ដីមិនតិចឡើយដល់ខ្ទង់ម៉ឺនដុល្លារក៏មាន ។ ម្យ៉ាងទៀតប្រសិនបើស្រីៗមានប្ដីជាអ្នកចេះច្បាប់បែបនេះ គឺសំណាងណាស់ ព្រោះគេមានមូលដ្ឋានគ្រឹះយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហា ។ ដូច្នេះពេលមានបញ្ហាក្នុងគ្រួសារ គេជាអ្នករកផ្លូវចេញដ៏ប្រសើរបំផុត ។
៥. វិស្វករសំណង់ស៊ីវិល
អ្នកដែលធ្វើការក្នុងមុខតំណែងនេះ ភាគច្រើនគឺជាអ្នករៀបចំសំណង់ស្ថាប័នឯកជន និង សាធារណៈ ដូចជាហេដ្ឋារនាសម្ព័ន្ធ (ផ្លូវថ្នល់, ផ្លូវដែក, ធារាសាស្ត្រ និង ប្រព័ន្ធសម្អាតទឹក) ស្ពាន និង សំណង់ ។ អ្នកដែលធ្វើការតំណែងនេះ មានតួនាទីយ៉ាងខំខាន់ ក្នុងការចូលរួមគម្រោងវិនិយោគធំៗ របស់ក្រុមហ៊ុនឯកជននានា និងគម្រោងរបស់រាជរដ្ឋាភិបាល ទៅលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ ។ ចំណែកឯកម្រៃ គឺទទួលបានជាកញ្ចប់តែម្ដង ក្នុង ១ គម្រោងៗអាចដល់ខ្ទង់ពាន់ដុល្លារឯណោះ ។
៦. វិស្វករអគ្គិសនី
មុននឹងក្លាយជាវិស្វករអគ្គិសនីម្នាក់ និស្សិតត្រូវសិក្សាមុខវិជ្ជាសំខាន់ៗមួយចំនួនដូចជា អេឡិចត្រូនិច ឌីជីថល សៀវគ្វីអគ្គិសនី, អេឡិចត្រូនិច សូលីដស្តាត គមនាគមន៍ និង គ្រឿងយន្តប្រើថាមពល និង អគ្គិសនី ។
វិស្វកម្មអគ្គិសនី បណ្ដុះបណ្ដាលឱ្យនិស្សិតមានអាជីព ជាអ្នកបច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ។ អ្នកបញ្ចប់ការសិក្សានឹងមានជំនាញ និង ចំណេះដឹងសំខាន់សម្រាប់ធ្វើការ ក្នុងវិស័យអគ្គិសនី អេឡិចត្រូនិច និង កុំព្យូទ័រ ។ ចំណែកតម្រូវការធនធានមនុស្ស គឺមានច្រើន រីឯអ្នកសិក្សាមិនសូវមាន ។ ដូច្នេះហើយទើបអ្នកដែលធ្វើការក្នុងវិស័យនេះ ទទួលបានប្រាក់បៀវត្សខ្ពស់ ។
៧. អ្នកព័ត៌មានវិទ្យា (IT)
ក្នុងដំណើរប្រតិបត្តិការរបស់អង្គភាពមួយ មិនថាជាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋឡើយ គឺមិនអាចខ្វះអ្នកព័ត៌មានវិទ្យាបានឡើយ ធ្វើយ៉ាងណាឲ្យអង្គភាពរីកចម្រើនស្របទៅតាមបច្ចេកវិទ្យាដ៏ជឿនលឿន ។ ប្រាក់ខែដែលអ្នក (IT) ទទួលបានវិញត្រូវបានគេដឹងថាមានដល់ខ្ទង់ពាន់ដុល្លារឯណោះ ។
៨. ស្ថាបត្យករ
ការសិក្សាទៅលើជំនាញស្ថាបត្យកម្មវិញមិនងាយស្រួលឡើយ ហើយទម្រាំបានមុខតំណែងជាស្ថាបត្យករក៏កាន់តែមិនងាយស្រួលថែមទៀត ។ ទម្រាំក្លាយជាស្ថាបត្យករម្នាក់បាន លុះត្រាតែយល់ដឹងអំពីការរចនា និង យល់ដឹងពីសំណង់អគារឱ្យបានច្បាស់លាស់ ។ មិនតែប៉ុណ្ណោះ គឺត្រូវយល់ដឹងជាពហុជំនាញ មានជាអាទិ៍ សិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង បរិស្ថាន ជាដើម ។ និយាយជារួម ស្ថាបត្យករ មិនមែនជាអ្នកគូរប្លង់ទេ តែជាអ្នកសិក្សាគម្រោងប្លង់ ស្ថាបត្យកម្ម ។ ស្ថាបត្យករ ត្រូវតែមានវិជ្ជាជីវៈត្រឹមត្រូវ ព្រោះរាល់ការសម្រេចចិត្តរបស់ស្ថាបត្យករ គឺទាក់ទងដល់សុវត្ថិភាពសាធារណៈ ។
យ៉ាងណាក្ដីទោះបីមុខតំណែងទាមទារនូវគុណសម្បត្តិដ៏ច្រើនមែន តែកម្រៃដែលទទួលបានវិញធានាថាមិនខកចិត្តឡើយ អាចចិញ្ចឹមជីវិតបានយ៉ាងសុខដុម ៕
អត្ថបទដោយ៖ រាជ