ការស្ដាប់តន្ត្រី ឬ ចម្រៀង មិនត្រឹមជួយបន្ធូរអារម្មណ៍ទេ តែអាចជួយដល់បញ្ហាសុខភាពទាំងអស់នេះបានយ៉ាងល្អទៀត
មនុស្សយើងម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា ហើយពេលមានអារម្មណ៍មិនសប្បាយចិត្ត ឬ កើតទុក្ខ ច្បាស់ណាស់ថាគ្រប់គ្នានឹងរកអ្វីធ្វើដើម្បីជួយបន្ធូរដល់អារម្មណ៍ឱ្យប្រសើរឡើង ជាពិសេសមនុស្សភាគច្រើនជ្រើសរើសការស្ដាប់តន្ត្រី ឬ ចម្រៀង ជាការបន្ធូរអារម្មណ៍ទៅតាមចម្រៀងដែលអាចធ្វើឱ្យពួកគេសប្បាយចិត្តឡើងវិញ។
សម្រាប់អ្នកដែលចូលចិត្តស្ដាប់តន្រ្តី ឬ ចម្រៀង គួរដឹងថាការស្ដាប់តន្ត្រី ឬ ចម្រៀង មិនត្រឹមតែជួយបន្ធូរដល់អារម្មណ៍តែមួយមុខទេ តែក៏នៅមានមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលមនុស្សមួយចំនួនមិនទាន់បានដឹង។
តាមរយៈគេហទំព័ររបស់បរទេសមួយមានឈ្មោះ Johns Hopkins Medicine បានធ្វើការសិក្សាស្រាវជ្រាវទៅលើរឿងនេះ ហើយបានបញ្ជាក់ថា ៖ «ការស្ដាប់តន្ត្រី ឬ ចម្រៀង អាចជួយកាត់បន្ថយការថប់បារម្ភ សម្ពាធឈាម ការឈឺចាប់ ក៏ដូចជាធ្វើឱ្យការគេងលក់មានភាពប្រសើរឡើង ជាពិសេសទៅលើផ្លូវចិត្ត អារម្មណ៍ និង ការចងចាំ ជាដើម»៕