ចង់រស់នៅជីវិតមួយដែលអ្នកប្រាថ្នាចង់បាន គួរស្វែងយល់ពីចំណុច ៥ នេះសិន
ធ្លាប់ជួបការលំបាកក្នុងការរស់នៅជីវិតមួយដែលយើងមិនចង់បាននោះទេ? វាជាជីវិតរបស់យើង ហើយយើងក៏ជាមនុស្សម្នាក់ ដែលគ្រប់គ្រងវា ប៉ុន្តែហេតុអ្វីបានជាយើងនៅតែនាំវាទៅកាន់ផ្លូវមួយ ដែលមិនចំអ្វីដែលយើងចង់បាននោះ?
អ្នកទាំងអស់គ្នាអាចរស់នៅក្នុងជីវិតមួយដែលយើងចង់បាន ប្រសិនបើ រាល់បញ្ហាដែលយើងជួបប្រទះក្នុងជីវិតយើងត្រូវបានបញ្ចប់ ។ តែអ្វីៗមិនដូចយើងគិតនោះឡើយ ក្នុងជីវិតមនុស្សម្នាក់ៗ តែងតែជួបប្រទះបញ្ហាជាបន្តបន្ទាប់ គ្មានទីបញ្ចប់ឡើយ ។ ដូច្នេះធ្វើយ៉ាងណាទើបអាចឱ្យដំណើរជីវិតរបស់យើង ដូចទៅនឹងអ្វីដែលយើងចង់បាន? ខាងក្រោមនេះ ជាគន្លឹះមួយចំនួន អាចជួយឱ្យប្រិយមិត្តរស់នៅជីវិតមួយ ដែលយើងប្រាថ្នាចង់បាន ៖
១. រៀនបើកចិត្តឱ្យទូលាយ
ចេះរៀនសម្អាតចិត្ត និង អនុញ្ញាតិឱ្យខ្លូនឯងបើកចិត្តមើលពិភពខាងក្រៅក្នុងផ្នត់គំនិតថ្មី ។ រៀនអ្វីដែលថ្មី បង្កើតគោលដៅជីវិតថ្មី ធ្វើអ្វីដែលគិតថាអាចឱ្យខ្លួនឯងសប្បាយ និង ជាចុងក្រោយ រៀនផ្លាស់ប្ដូរការគិតរបស់ខ្លួនឯង ។ គ្មានអ្វីល្អ និង អាក្រក់កើតឡើងចំពោះយើងនោះទេ វាគ្រាន់តែជាការគិតរបស់យើង ដែលធ្វើឱ្យយើងជឿលើអ្វីដែលកើតឡើងនោះ ។ ត្រូវធ្វើឱ្យចិត្តរបស់ខ្លួនឯងឱ្យហូរដូចជាទឹក បណ្ដោយឱ្យវាហូរទៅគ្រប់កន្លែង និង ចាប់យករូបរាងទៅតាមតំបន់ដែលវាហូរកាត់នោះ។
២. សុភមង្គលមិនមែនកើតឡើងដោយសារលុយ
ជាការពិតណាស់ លុយគឺវាសំខាន់សម្រាប់ជីវិតយើងរាល់គ្នា ប៉ុន្តែត្រូវចងចាំថា វាមិនអាចទិញសុភមង្គលបានទេ ។ មហាសេដ្ឋីអាចនៅសម្ងំក្នុងផ្ទះ និង មានអ្វីគ្រប់យ៉ាងបាន តែមិនមែនមានន័យថា គេអាចសប្បាយចិត្តនោះទេ ប្រសិនបើមិនមានមិត្តគ្រប់គ្រាន់ ឬ ក៏សាច់ញាតិណាម្នាក់មកជួយបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយនោះ ។ ទ្រព្យសម្បត្តិរបស់យើងគឺចូលរួមចំណែកតិចតួចណាស់ក្នុងការធ្វើឱ្យយើងមានសុភមង្គល ។ សុភមង្គលគឺកើតមានឡើងពីក្នុងចិត្តរបស់យើងទៅវិញទេ ។ អ្នកខ្លះរស់នៅក្នុងខ្ទមតូចជាមួយគ្នា ប៉ុន្តែអាចនឹងមានសុភមង្គលជាងអ្នកដែលមានវីឡាស្កឹមស្កៃ ។ ត្រូវចាំថា ទោះបីជាយើងមិនមានទ្រព្យដូចគេក៏ពិតមែន ប៉ុន្តែគួរតែរីករាយទទួលអ្វីដែលតូចតាចដែលយើងមាន តែវាអាចធ្វើឱ្យយើងមានសុភមង្គលបាននេះ ។
៣. ជីវិតយើងមិនអាចផ្ដល់អ្វីគ្រប់យ៉ាងឱ្យយើងបាននោះទេ
ការពិត ការឈឺចាប់ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗគឺថា យើងមិនអាចទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បាននោះទេ លុះត្រាណាតែយើងជាមនុស្ស ដែលសំណាងជាងគេបំផុតលើលោក ។ បើទោះបីជាយើងដឹងថា យើងមិនអាចសម្រេចអ្វីគ្រប់យ៉ាងសម្រាប់ជីវិតនេះក្ដី ប៉ុន្តែក្នុងការរស់នៅក្នុងជីវិតមួយដែលយើងចង់បាន យើងគួរតែកំណត់គោលដៅ ៣ ទៅ ៤ ចំណុចសម្រាប់ជីវិតមួយនេះ ហើយព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចវាឱ្យបាន។
៤. ជីវិតនេះមិនមែនសម្រាប់តែរឿងអវិជ្ជមានឡើយ
គ្មាននរណាម្នាក់អាចរស់នៅក្នុងភាពវិជ្ជមានបានទេ ប្រសិនបើពួកគេនៅជាមួយតែអ្នកគិតអវិជ្ជមាននោះ ។ កាត់បាន កាត់ចោលខ្លះទៅ អ្នកដែលផ្ដល់តែភាពអវិជ្ជមានដល់ជីវិតយើងនោះ ។ ប្រសិនបើចង់រស់នៅជីវិតមួយជារបស់ខ្លួនឯង យើងគួរតែផ្ដោតទៅលើអ្វីដែលយើងមានឥឡូវនេះ ហើយសប្បាយរីករាយទទួលយកវា ជាជាងប្រៀបធៀប និង ចង់បានដូចអ្នកដទៃ។
៥. ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ
អ្វីដែលយើងចង់ធ្វើក្នុងជីវិតនេះ អាចនឹងជាអ្វីមួយដែលអាចនាំយើងទៅកាន់គោលដៅជីវិត ។ ការសម្រេចចិត្តរបស់យើង ពេលខ្លះអាចឱ្យអ្នកនៅជុំវិញខ្លួនយើងអន់ចិត្ត ប៉ុន្តែកុំខ្វល់ សំខាន់ឱ្យតែវាអាចធ្វើឱ្យយើងរីករាយបាន ។ កុំព្យាយាមរស់នៅជីវិតមួយតាមតែសម្ដីរបស់អ្នកដទៃ គេមិនមែនជាអ្នកកំណត់ជីវិតរបស់យើងឡើយ គួរណាស់តែរៀនរស់នៅជីវិតមួយជារបស់ខ្លួនឯង ។ ខ្លួនយើងជារបស់យើង ប៉ុន្តែត្រូវប្រាកដដែរថា គិតគូរឲ្យបានម៉្មត់ចត់មុននឹងឈានទៅរកការសម្រេចចិត្តណាមួយ៕