ខែណាក៏ចាយខ្ទេច! ឥឡូវមកចេះវិធីបែងចែកលុយ ៤ ក្បាច់ ពេលបើកលុយភ្លាមៗ ដឹងតែសល់កប់ក្ដោង
ពេលប្រាក់ខែតិចចាយគ្រប់តែមិនសល់លុយ ដល់តែពេលបានប្រាក់ខែក្រាស់ៗហើយនៅតែចាយ មិនសល់ ។ សួរថាមកពីមូលហេតុអ្វី ? ចំណែកដ៏ធំមួយដែលនាំឱ្យអ្នកមិនសល់លុយ គឺមកពីមិនចេះបែងចែកប្រាក់ខែរបស់អ្នកឱ្យត្រឹមត្រូវ ។ តទៅនេះជាការចែករំលែកបទពិសោធន៍ពី សាស្ត្រាចារ្យសេដ្ឋកិច្ច ហេង សុខហៀង បង្រៀននៅសាកលវិទ្យាល័យឯកជនមួយ ហើយជាអ្នកពូកែសន្សំ និង បែងចែកការចំណាយយ៉ាងត្រឹមត្រូវ ។ សូមទៅដឹងទាំងអស់គ្នា ៖
១. លុយ ១ កញ្ចប់សម្រាប់រាល់ថ្លៃចំណាយចាំបាច់បំផុត
ជំហ៊ានដំបូងពេលបើកប្រាក់ខែសូមកុំទាន់យកការចំណាយផ្សេងៗមកលាយឡំ ដូចជា ទិញសម្ភារៈ សំលៀកបំពាក់ ស្បែកជើង កាបូបជាដើម សូមកុំយកមកចំណាយដើមខែ ។ ត្រូវដកលុយមួយកញ្ចប់នេះទៅទូទាត់ថ្លៃផ្ទះ ថ្លៃទឹកភ្លើង សេវាបង់រំលោះផ្សេងៗឱ្យស្រេចបាច់សិន ។ បើយកការចំណាយនាយ អាយមកច្របូកច្របល់គ្នាមុខជាចាយមិនដឹងមុខអស់ទៅលើអ្វីឡើយ ។
២. ដកលុយ ៤០ ទៅ ៥០% ដាក់ចូលក្នុងគណនីសន្សំប្រាក់
កុំទុកលុយទាំងដុលក្នុងគណនី Payroll ព្រោះចង់មិនចង់អ្នកនឹងដកវាចាយតាមអំពើចិត្ត ព្រោះលុយនៅក្បែរដៃ ។ ជាការល្អសូមបើកគណនីសន្សំមួយទៀតសម្រាប់ដាក់លុយដោយឡែក មិនពាក់ព័ន្ធនឹងលុយដែលត្រូវចាយជាប្រចាំ ។ នេះជាការដាក់កំហិតខ្លួនឯងមួយដ៏ប្រសើរ ដើម្បីមានលទ្ធភាពសន្សំបានខ្លះ ។
៣. ដកលុយចាយដោយកំណត់ចំនួនថ្ងៃ
ត្រង់ចំណុចនេះមានន័យថា ក្រោយអ្នកបានដកលុយមួយចំនួនធំសម្រាប់ចំណាយចាំបាច់ និង ដកលុយទុកសន្សំហើយ សល់ប៉ុន្មានគឺជាលុយសម្រាប់ចំណាយប្រចាំថ្ងៃ ។ អ្វីដែលសំខាន់សូមកុំដកលុយនោះដាក់កាបូបច្រើនៗ គួរដកម្ដងសម្រាប់ចាយ ៥ ថ្ងៃ ឬ ១០ ថ្ងៃម្ដង ។ ក្នុងនោះអ្នកត្រូវសរុបការចំណាយប្រចាំថ្ងៃឱ្យច្បាស់ ហើយលៃលកយ៉ាងណាចាយឱ្យត្រូវតាមផែនការកំណត់ ។ បែបនេះជួយឱ្យ អ្នកមិនចាយច្របូកច្របល់ ឬ តាមអំពើចិត្តបាន ។
៤. កញ្ចប់លុយទុកដាក់កូនជ្រូកនៅផ្ទះ
ពេលខ្លះមិនប្រាកដថាលុយដែលអ្នកត្រៀមចាយសម្រាប់ប្រចាំថ្ងៃបានចាយអស់ៗនោះទេ អាចថា ពេលខ្លះអ្នកគ្មានអ្វីត្រូវចំណាយសោះ ឬ ជួនកាលអ្នកញ៉ាំអីជុំគ្នា គ្រាន់តែជួយចេញគ្នា ពេលខ្លះទៀត អ្នកទទួលបានប្រាក់ឧបត្ថម្ភ ឬ ប្រាក់ក្រៅផ្លូវការមកពីប្រភពផ្សេងៗ ។ គួរតែទុកលុយទាំងនោះចូលកូន ជ្រូក ព្រោះនេះជាឱកាសសន្សំដ៏ល្អបំផុត ៕