អ្នកធ្វើការនៅជប៉ុន កំពុងពិបាកចិត្តខ្លាំង ព្រោះជិតដល់ថ្ងៃឈប់សម្រាក ១០ ថ្ងៃ
មនុស្សភាគច្រើនប្រហែលជាធ្លាប់ដឹងហើយថា ជប៉ុន គឺជាប្រទេសដែលមានប្រជាជនធ្វើការយូរម៉ោងបំផុតមួយលើពិភពលោក ហើយក្រុមហ៊ុនជាច្រើនតម្រូវឱ្យបុគ្គលិកធ្វើការថែមម៉ោងច្រើនជាង ៨០ ម៉ោងក្នុងមួយខែ ។ នេះបើយោងតាមសារព័ត៌មាន CNBC ។
លើសពីនេះទៅទៀត ការស្ទង់មតិឆ្នាំ ២០១៧ ពីក្រុមហ៊ុន Expedia Japan បានរកឃើញថា អ្នកធ្វើការប្រើពេលសម្រាកតែពាក់កណ្តាលនៃថ្ងៃវិស្សមកាលប៉ុណ្ណោះ ខណៈមនុស្ស ៦៣% មានអារម្មណ៍ថាមានកំហុសចំពោះការឈប់សម្រាកដែលទទួលបានប្រាក់ឈ្នួល ។
ជាក់ស្តែង ឥឡូវនេះអ្នកធ្វើការនៅជប៉ុនជាច្រើនកំពុងតែពិបាកចិត្តខ្លាំងមែនទែន ចំពោះថ្ងៃវិស្សមកាលរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ មេសា ដល់ ៦ ឧសភា ដើម្បីប្រារព្ធព្រះរាជពិធីអភិសេកព្រះអង្គម្ចាស់ Prince Naruhito ជាព្រះចៅអធិរាជថ្មី និង ថ្ងៃវិស្សមកាល “Golden Week” ផងដែរ ។ នេះបើយោងតាមសារព័ត៌មាន The Guardian ។
ការស្ទង់មតិថ្មីៗនេះដោយកាសែតជប៉ុន Asahi Shumbun បានរកឃើញថា មនុស្សចំនួន ៤៥% មិនសប្បាយចិត្តឡើយចំពោះការឈប់សម្រាកនេះ ខណៈ ៣៥% ទៀតសប្បាយចិត្ត ។ លោក Seishu Sato វ័យ ៣១ ឆ្នាំ ជាបុគ្គលិកផ្នែកហរិញ្ញវត្ថុម្នាក់ បាននិយាយថា “ប្រាប់ត្រង់ចុះ ខ្ញុំមិនដឹងចំណាយពេលសម្រាកបែបណាទេ បើឈប់រហូតដល់ ១០ ថ្ងៃបែបនេះ ។ ប្រសិនបើទៅដើរលេង មនុស្សច្រើនគ្រប់កន្លែង ហើយតម្លៃចាយវាយនឹងកើនឡើងទៀត ។ ខ្ញុំប្រហែលទៅលេងផ្ទះម្តាយឪពុកខ្ញុំហើយ ” ៕
ដោយ ៖ ឡុង
ប្រភព ៖ japaninsides