ការជ្រើសរើសគូជីវិត គឺជារឿងមួយដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ជាពិសេសមនុស្សស្រី ភាគច្រើនគឺតែងតែប្រាថ្នាចង់បានដៃគូដែលមានអាជីពច្បាស់លាស់ត្រឹមត្រូវ អាចផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ទំនុកចិត្ត និង ទំនួលខុសត្រូវការពារមើលថែនាងឱ្យបានល្អផងដែរ។ ជាការពិតណាស់ អាជីពការងារនីមួយៗសុទ្ធតែល្អ និង មានគុណសម្បត្តិរៀងៗខ្លួន ហើយក្នុងនោះដែរចំពោះអាជីពជាទាហានវិញ មិនមែនតែល្អមើលដោយសារឯកសណ្ឋានខាងក្រៅនោះទេ ប៉ុន្តែទាហានគឺមានលក្ខណៈពិសេសៗជាច្រើនមិនថាចំពោះខ្លួនឯង ក្រុមគ្រួសារ និង ប្រទេសជាតិនោះឡើយ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយក ៥ ចំណុចពិសេសៗរបស់ទាហាន ដែលស្រីៗណាបានធ្វើប្ដីគឺសំណាងពេញមួយជីវិត៖
១. មានការហ្វឹកហាត់ និង អប់រំល្អ
ដូចដែលបានដឹងហើយ ទម្រាំបានឈ្មោះ និង ក្លាយជាទាហាន គឺទាមទារឱ្យមានការបណ្ដុះបណ្ដាល និង ហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ជាទាហានគឺស្គាល់ច្បាស់ពីរបៀបគ្រប់គ្រងខ្លួនឯង ការគោរពវិន័យ និង មានទំនួលខុសត្រូវ ដូចនេះហើយក្នុងជីវិតគូស្នេហ៍វិញ បុរសធ្វើទាហានគឺអាចជាមនុស្សដែលស្មោះត្រង់ និង គោរពពាក្យសច្ចៈបំផុត។
២. មានក្ដីស្រលាញ់ និង ស្មារតីការពារ
ទាហានតែងតែអង់អាចក្លាហាន ហ៊ានពលីការពារអ្វីដែលខ្លួនស្រឡាញ់ មិនថាទឹកដី ឬ មនុស្សជាទីស្រឡាញ់របស់ខ្លួនឡើយ។ នៅពេលជួបគ្រោះថ្នាក់ ពួកគេតែងឈរពាំងមុខការពារជានិច្ច ដូចនេះហើយបើបានទាហានជាគូអនាគត ប្រាកដណាស់រូបគេនឹងហ៊ានពលីគ្រប់បែបយ៉ាងដើម្បីឱ្យអ្នកបានសុខ និង គេចផុតគ្រោះថ្នាក់ទាំងឡាយបាន។
៣. រូបរាងសង្ហា ពូកែអង់អាច
ទាហានភាគច្រើនគឺតែងតែមានរូបរាងស្រស់សង្ហា ដោយសារតែការហ្វឹកហាត់ជាប្រចាំ បូករួមទាំងភាពម៉ឺងម៉ាត់ អង់អាចមិនខ្លាចសត្រូវ ឬ ឧបសគ្គនានាផងនោះ កាន់តែធ្វើឱ្យទាហានកើនឡើងនូវភាពទាក់ទាញមួយកម្រិតទៀត។
៤. ចេះដោះស្រាយបញ្ហាដោយសន្តិវិធី និង មានយុទ្ធសាស្ត្រ
ជាទាហាន មិនមែនចេះប្រើតែកម្លាំងបាយមួយមុខប៉ុណ្ណោះទេ ពួកគេចេះគិតពិចារណា និង មានយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីអាចយកឈ្នះសត្រូវបាន។ ចំណុចនេះក៏ជាចំណុចល្អមួយនៅពេលដែលអ្នកបានគ្រួសារជាទាហានផងដែរ ពេលមានបញ្ហាទាហានគឺអាចរកដំណោះស្រាយបានដោយសន្តិវិធី និង ធ្វើឱ្យក្រុមគ្រួសាររស់នៅប្រកបដោយភាពល្អប្រសើរ។
៥. កិត្តិយស និង សេចក្ដីថ្លៃថ្នូរ
មានឈ្មោះជាទាហានគឺជាកិត្តិយសមួយសម្រាប់គ្រួសារ ព្រោះទាហានគោរពនូវសេចក្ដីថ្លៃថ្នូរ និង មានភាពស្មោះត្រង់ចំពោះកាត្វកិច្ចខ្លួន។ ការរួមរស់ជាមួយមនុស្សដែលមានទាំងកិត្តិយស និង សេចក្ដីថ្លៃថ្នូរ នឹងនាំឱ្យគ្រួសារមានភាពរឹងមាំ ហើយទទួលបានការគោរពឱ្យតម្លៃពីមនុស្សក្នុងសង្គម៕