កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) មានគ្រោះរញ្ជួយដីមួយកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារក្បែរកោះ Tonga បង្កឱ្យមានការខូចខាតតិចតួច និង ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បណ្ដាលឱ្យមានការជម្លៀសពលរដ្ឋទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាពភ្លាមៗ។
សំឡេងសារ៉ែនប្រកាសអាសន្នពីរលកយក្សស៊ូណាមិត្រូវបានបន្លឺឡើងក្រោយគ្រោះរញ្ជួយដីវាយប្រហារវេលាម៉ោង ១ និង ១៨ នាទីយប់រំលងអធ្រាត្រ ដែលបង្ខំឱ្យពលរដ្ឋត្រូវជម្លៀសខ្លួនឡើងទៅទីទួលមានសុវត្ថិភាព នេះបើតាមការឡាយវីដេអូពី Tonga Broadcasting Commission។ យ៉ាងណាមិញ ក្រោយមកខាងមន្ត្រីក្នុងតំបន់ក៏បានប្រកាសដកការព្រមានពីរលកស៊ូណាមិចេញវិញ ដោយអនុញ្ញាតឱ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេរៀងៗខ្លួនបាន។
គួរឱ្យដឹងថា បើតាមទិន្នន័យពីទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលវាយប្រហារលើកោះ Tonga នោះដែរមានជម្រៅ ២៩ គីឡូម៉ែត្រ ដោយចំណុចកណ្ដាលស្ថិតនៅរយៈចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រទៅភាគឦសាននៃដែនកោះ៕
ប្រភព៖ AP News