Zhao Li Na ជាអតីតអ្នកចាំទីប្រចាំក្រុមជម្រើសជាតិចិន បច្ចុប្បន្នកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយរូបនាងបង្ហាញខ្លួនសម្ដែងក្នុងខ្សែភាពយន្តថ្មីរបស់ Stephen Chow ដែលមានចំណងជើងថា «Shaolin Women’s Soccer»។
តាមសារព័ត៌មាន East Money បានឱ្យដឹងថា Zhao Li Na ទាក់ទាញអ្នកដឹកនាំរឿងឱ្យជ្រើសរើសនាងជាតួសំខាន់មួយក្នុងរឿង ក៏ព្រោះតែរូបរាងដ៏ស្រស់សោភា និង សមត្ថភាពលេងបាល់ទាត់របស់នាង។ វត្តមានរបស់នាងក្នុងរឿងថ្មីមួយនេះដែរ បានធ្វើឱ្យទស្សនិកជនជាច្រើនរំពឹងខ្លាំង ព្រោះតែទេពកោសល្យក៏ដូចជារូបរាងរបស់នាងពិតជាស័ក្ដិសមខ្លាំងនឹងសាច់រឿងថ្មីនេះ។
គួរឱ្យដឹងថា Zhao Li Na ធ្លាប់ជាអ្នកលេងបាល់ទាត់ដ៏ជំនាញម្នាក់ដែលសកម្មលើទីលានរយៈពេល ១៨ ឆ្នាំ។ រូបនាងតែងតែត្រូវបានអ្នកគាំទ្រនៅចិនដាក់រហស្សនាមឱ្យថាជាអ្នកចាំទីដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសចិន។ មកដល់ឆ្នាំ ២០២៣ នាងក៏បានឈប់លើអាជីពមួយនេះ ដោយក្រោយមកងាកទៅចាប់យកអាជីពជាតារាម៉ូដែល ចេញវីដេអូចម្រៀង និង សម្ដែងក្នុងស៉្បតពាណិជ្ជកម្មនានា៕