ថ្មីៗនេះ សារព័ត៌មានវៀតណាម Tuoi Tre បានចេញផ្សាយថា នៅសង្កាត់ Kon Plong ខេត្ត Kon Tum និង សង្កាត់ Nam Tra My ខេត្ត Quang Nam ប្រទេសវៀតណាម បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីរហូតដល់ទៅ ១៣ ដង កាលពីពាក់កណ្ដាលយប់ថ្ងៃទី ២៥ ខែឧសភា និង ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានផ្ដល់ព័ត៌មានពីគ្រោះរញ្ជួយដី និង ព្រមានពីរលកយក្សស៊ូណាមិប្រចាំប្រទេសវៀតណាម។
បើតាមលោក Nguyen Xuan Anh ប្រធាននាយកដ្ឋានក្រោមវិទ្យាស្ថានផ្នែកវិទ្យាសាស្ត្រភពផែនដីបានថ្លែងបញ្ជាក់នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះថា គ្រោះរញ្ជួយដីរួមមានការំញ័រចំនួន ៤ បានរកឃើញកើតមាននៅសង្កាត់ Nam Tra My ចន្លោះពាក់កណ្ដាលអធ្រាត្រ និង ម៉ោង ៤:៣៥ នាទីទាបភ្លឺថ្ងៃទី ២៦ ខែឧសភា ជាមួយកម្លាំងរញ្ជួយចន្លោះពី ២.៥ ទៅ ៣.០ រ៉ិចទ័រ។ រីឯសង្កាត់ Kon Plong វិញ កើតមានការរញ្ជួយមួយលើកអំឡុងពេលជាមួយគ្នានឹងសង្កាត់ Nam Tra My ដែរ ក្នុងកម្រិត ៣.៤ រ៉ិចទ័រ។
ការរញ្ជួយដីទាំង ៥ លើកខាងលើ កើតមានឡើងក្នុងជម្រៅប្រមាណ ៨.១ គីឡូម៉ែត្រ។ គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ក៏មានគ្រោះរញ្ជួយដីចំនួន ៨ លើកកើតឡើងនៅសង្កាត់ទាំងពីរខាងលើផងដែរ ជាមួយកម្រិតចន្លោះពី ២.៥ ទៅ ៤.២ រ៉ិចទ័រ។ ការរញ្ជួយខ្លាំងជាងគេ ៤.២ រ៉ិចទ័រនោះដែរ បានវាយប្រហារនៅសង្កាត់ Kon Plong វេលាម៉ោង ១១ និង ៥៧ នាទីព្រឹក។ ទោះជាយ៉ាងណាក៏ដោយ គ្រោះរញ្ជួយដីថ្មីៗខាងលើនេះ គឺមិនមានភាពរញ្ជួយខ្លាំងក្នុងកម្រិតបង្កជាការខូចខាតអ្វីនោះឡើយ៕
ប្រភព៖ Tuoi Tre