ករណីឃាតកម្មដ៏សាហាវ និង សឹងមិនគួរឱ្យជឿមួយបានកើតឡើងនៅក្រុង Gunsan ខេត្ត Jeollabuk-do ប្រទេសកូរ៉េខាងត្បូង ដោយបុរសវ័យ ៤១ ឆ្នាំម្នាក់ កំណត់ហៅថា A បានធ្វើឃាតមិត្តស្រីរបស់ខ្លួន ក្រោយឈ្លោះទាស់ទែងគ្នាជុំវិញការវិនិយោគភាគហ៊ុន។ ឃាតកម្មនេះដែរ បានកើតឡើងកាលពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅ នៅពេលជនដៃដល់ A ខ្ចីលុយ ១ ពាន់លានវ៉ុន (ប្រមាណជាង ៧១ ម៉ឺនដុល្លារ) ពីមិត្តស្រីខ្លួន (ហៅថា B) ដើម្បីយកទៅវិនិយោគលើទីផ្សារភាគហ៊ុន ប៉ុន្តែមិនទទួលបានលទ្ធផលតាមអ្វីដែលរំពឹងទុក។

ពួកគេបានឈ្លោះទាស់ទែងគ្នា ហើយកំពុងតែផ្ទុះកំហឹងខ្លាំង បុរស A ក៏បានសម្លាប់ជនរងគ្រោះ B រួចយកសាកសពនាងទៅដាក់ក្នុងទូក្លាសេគីមឈីលាក់ក្នុងអាផាតមិនដែលពួកគេធ្លាប់រស់នៅជាមួយគ្នា។ ជាងនេះទៅទៀត ដើម្បីលាក់ពីអំពើឈាមត្រជាក់របស់ខ្លួន បុគ្គល A បានក្លែងធ្វើជាជនរងគ្រោះបង់ថ្លៃជួលផ្ទះ និង តែងប្រើទូរស័ព្ទរបស់នាងទាក់ទងទៅគ្រួសារនាងជាប្រចាំ បន្លំធ្វើដូចមិនមានរឿងអ្វីកើតឡើង។

រូបតំណាង
យ៉ាងណាមិញ អាថ៌កំបាំងលាក់ទុកមិនបានយូរឡើយ ការសង្ស័យក៏ចាប់កើតមានឡើង នៅពេលបងស្រីរបស់ជនរងគ្រោះមិនអាចជួបប្អូនដោយផ្ទាល់បាន ដោយអាចទាក់ទងនាងបានតែតាមទូរស័ព្ទ។ ទីបំផុត មកដល់ថ្ងៃទី ២៩ ខែកញ្ញា នាងក៏សម្រេចចិត្តប្ដឹងទៅប៉ូលិសពីការបាត់ខ្លួនរបស់ប្អូនស្រី។ ក្រោយទទួលពាក់បណ្ដឹង ប៉ូលិសក៏បានទាក់ទងទៅជនរងគ្រោះតាមទូរស័ព្ទ ប៉ុន្តែទទួលបានត្រឹមសារតបដោយ A មកវិញប៉ុណ្ណោះ ដោយសារនោះរៀបរាប់ថា នាងគឺមានសុវត្ថិភាពទេ។ ការស្រាវជ្រាវនៅបន្តធ្វើឡើង ហើយប៉ូលិសក៏បានរកឃើញថា A បានសុំមិត្តស្រីបច្ចុប្បន្នរបស់ខ្លួន ហៅថា C ឱ្យបន្លំធ្វើជាជនរងគ្រោះដើម្បីតបសារនោះ។ ពេល C ដឹងថាមានរឿងមិនសមទំនងកើតឡើង នាងក៏បានទៅនិយាយជាមួយ A ឱ្យគេសារភាពពីទង្វើឃាតកម្មរបស់ខ្លួន។

រូបតំណាង
រហូតមកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ បុគ្គល A ក៏ត្រូវបានប៉ូលិសក្រុង Gunsan ចាប់ខ្លួន ខណៈកំពុងស៊ើបអង្កេត ប៉ូលិសក៏រកឃើញសាកសពជនរងគ្រោះក្នុងទូក្លាសេនៅផ្ទះរបស់ជនបង្ក។ បច្ចុប្បន្ន សាកសពរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យរកមូលហេតុស្លាប់ពិតប្រាកដ៕

រូបតំណាង
ប្រភព៖ Kenh14