ព័ត៌មាននៃ Miss Grand International 2021 នាង Nguyen Thuc Thuy Tien ត្រូវបានកាត់ទោស និង ចាប់ខ្លួនបណ្ដោះអាសន្នជុំវិញករណីបោកប្រាស់អតិថិជនលក់ផលិតផលស្ករគ្រាប់ Kera ក្លែងក្លាយ គឺកំពុងក្លាយជាប្រធានបទក្ដៅគគុកមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចាប់អារម្មណ៍ដល់អ្នកស្នេហាវិស័យបវរកញ្ញាអន្តរជាតិជាច្រើនទៀតផងដែរ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ផេក Missosology ដែលជាផេកគាំទ្របវរកញ្ញាមានអ្នកតាមដាន ៣.៨ លាននាក់ ក៏បានធ្វើការបង្ហោះរូបមួយសន្លឹករបស់នាង Thuy Tien ពេលត្រូវចាប់ខ្លួន អមដោយសំណួរចោទសួរថា៖ «តើមានអ្វីកើតឡើងចំពោះ Miss Grand International Thuy Tien មកពីវៀតណាម?» សំណួរនេះដែរ ភ្លាមៗបានទាក់ទាញអ្នកលេងតាមបណ្ដាញសង្គមឱ្យចូលមកខមមិនវែកញែក និង ចែករំលែកបន្តព្រោងព្រាត។

ជាមួយគ្នានោះដែរ ផេកគាំទ្របវរកញ្ញាធំៗមួយចំនួនទៀតដូចជា Miss Megaworld, Apoyo Peru Reinas, Indology Pageant.. ជាដើម ក៏បានចេញផ្សាយពាក់ព័ន្ធនឹងរឿងនាង Thuy Tien ត្រូវបានកាត់ទោស និង ចាប់ឃុំខ្លួនបណ្ដោះអាសន្នផងដែរ។ អ្នកគាំទ្រអន្តរជាតិជាច្រើនបានសម្ដែងការខកចិត្តចំពោះ MGI 2021 រូបនេះជាខ្លាំង ហើយក៏មានការងឿងឆ្ងល់ដែរថា តើនាងនឹងត្រូវដកចេញពីតំណែងដែរឬក៏យ៉ាងណា?

យ៉ាងណាមិញ មកដល់ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ខាង Miss Grand International គឺនៅតែមិនទាន់ចេញមកប្រកាស ឬនិយាយអ្វីពាក់ព័ន្ធនឹងករណីរបស់នាង Thuy Tien នៅឡើយទេ ប៉ុន្តែមហាជនគឺនៅតែបន្តចាប់អារម្មណ៍ទៅលើលោក Nawat ដដែល ដោយសារតែលោកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយ MGI 2021 រូបនោះកន្លងមក។

គួររំឭកដែរថា កាលពីកន្លងមកនៅពេលដែលនាង Thuy Tien ជាប់ពាក់ព័ន្ធនឹងរឿងលក់ផលិតផលក្លែងក្លាយដំបូងៗ លោក Nawat គឺធ្លាប់បាននិយាយពាក់ព័ន្ធនឹងរឿងនេះតាមរយៈការឡាយវីដេអូថា កុងត្រារបស់នាង Thuy Tien ជាមួយខាង MGI គឺបានបញ្ចប់ទៅប្រមាណ ២ ឆ្នាំមកហើយ ពោលគឺមានន័យថា ខាង MGI គឺមិនមានអ្វីពាក់ព័ន្ធជាមួយនឹងបវរកញ្ញាវៀតណាមខាងលើទៀតនោះឡើយ។

ដោយឡែក ថ្មីៗនេះ ក្រោយនាង Thuy Tien ត្រូវបានចាប់ខ្លួន មហាជនជាច្រើនបានចាប់អារម្មណ៍ឃើញថា លោក Nawat គឺបានចុច unfollow នាង Thuy Tien លើបណ្ដាញសង្គមស្ងាត់ៗ ដែលសកម្មភាពនេះដែរបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ក៏ព្រោះតែលោក Nawat ធ្លាប់តែជាមនុស្សជិតស្និទ្ធ កោតសរសើរ Thuy Tien ថាជាបវរកញ្ញាមានគុណភាព តែឥលូវបែរជាប្រែប្រួលអស់បែបនេះ៕

ប្រភព៖ Kenh14