អ្នកទេសចរទៅទស្សនាកំពែងបុរាណដ៏ល្បី Fengyang Drum Tower នៅភាគខាងកើតប្រទេសចិន បាននាំគ្នារត់ភៀសខ្លួនចេញពីទីតាំងភ្លាមៗ ខណៈក្បឿងដំបូលនៃកំពែងបុរាណខាងលើសុខៗស្រាប់តែបាក់រលំធ្លាក់មកប្រាវៗមកលើដីហុយផ្សែងទ្រលោម។

តាមសារព័ត៌មានចិនបានឱ្យដឹងថា កំពែងស្គរ Fengyang បានសាងសង់ឡើងក្នុងឆ្នាំ ១៣៧៥ និង ទុកសម្រាប់ប្រើប្រាស់ជាសញ្ញាចាប់ផ្ដើមកម្មវិធី និង កំណត់ពេលវេលាប្រចាំថ្ងៃ ដោយនេះស្ថិតក្នុងចំណោមកំពែងបុរាណដ៏ធំបំផុតជាងគេមួយនៅក្នុងប្រទេសចិន។ កំពែងនេះដែរ គឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយប្រចាំខេត្ត Anhui ប៉ុន្តែនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ស្រាប់តែមានហេតុការណ៍រន្ធត់កើតឡើង ដោយក្បឿងបុរាណរាប់រយក្បឿងបានបាក់រលំធ្លាក់ចុះពីដំបូលមកពេញដី។

ជាសំណាងល្អ ក្នុងហេតុការណ៍ខាងលើនេះមិនបានបង្កឱ្យភ្ញៀវទេសចរណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ គួរឱ្យដឹងផងដែរថា ការបាក់រលំក្បឿងលើដំបូលកំពែងបុរាណ Fengyang នេះដែរកើតមានឡើងត្រឹមពេល ១ ឆ្នាំក្រោយកំពែងនេះជួសជុលឡើងវិញដោយសារតែការខូចខាតបន្តិចបន្តួចលើដំបូល។ សំណង់អគារបុរាណនោះគឺមាន ២ ផ្នែក ដោយផ្នែកតួអគារគឺរក្សាសភាពដើមពីសម័យរាជវង្សមីង និង ផ្នែកដំបូលកំពែងខាងលើ។ តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ ការខូចខាតចម្បងគឺនៅផ្នែកកំពូលនៃកំពែងដែលបានសាងសង់ឡើងវិញក្នុងឆ្នាំ ១៩៩៥៕
