Hu Ling Chen តារាសម្ដែងប្រុសរូបសង្ហាវ័យ ១៩ ឆ្នាំនៅប្រទេសចិន ថ្មីៗនេះកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង នៅពេលរូបលោករត់ចោលក្រុមការងារ និង ការថតខ្សែភាពយន្តថ្មីកណ្ដាលទី ដោយសារមិនអាចថតឈុតថើបគ្នាបានតាមស្គ្រីបរឿងដែលផ្ដល់ឱ្យ។
តាមសារព័ត៌មានចិន Sohu បានឱ្យដឹងថា តារាប្រុស Ling Chen ត្រូវគេជ្រើសរើសសម្ដែងជាតួឯកប្រុសក្នុងរឿងថ្មីមួយចំណងជើងថា៖ «Bewitched by Love» ដោយចូលរួមថតជាមួយក្រុមការងារនៅ Zhejiang កាលពីចុងខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។ យ៉ាងណាមិញ ស្រាប់តែនៅម៉ោង ៣ យប់ ថ្ងៃទី ២៨ ខែកញ្ញា (ពេលវេលាក្នុងតំបន់) តារាប្រុសរូបនេះក៏រត់ចោលក្រុមការងារបាត់ស្រមោល មិនទាំងប្រាប់ជំនួយការខ្លួនឯងទៀត ដោយក្រោយមកក៏ឃើញផ្ញើសារទៅសមាជិកក្រុមថតម្នាក់រៀបរាប់ថា៖ «ខ្ញុំលែងថតទៀតហើយ អ្នកទាំងអស់គ្នារកអ្នកផ្សេងមកជំនួសខ្ញុំចុះ»។
តាមក្រុមការងារខ្លះបាននិយាយថា Hu Ling Chen បានទៅ Hangzhou ដើម្បីសម្រួលជាមួយមិត្តស្រីខ្លួនជាតារាសម្ដែងដូចគ្នាឈ្មោះ Qi Ke Xin ព្រោះមុននោះ Ling Chen បានសុំ producer ឱ្យខ្លួន និង មិត្តស្រី ថតជាមួយគ្នាក្នុងរឿងថ្មីនេះ តែត្រូវបានបដិសេធ។
គួរឱ្យដឹងថា ការរត់ចោលការថតភ្លាមៗរបស់ Hu Ling Chen បានធ្វើឱ្យក្រុមការងារថតខាតបង់ប្រាក់ជាង ១០ ម៉ឺនយ័ន (ប្រមាណជាង ១៤ ០០០ ដុល្លារ) ក្នុងមួយថ្ងៃ ក្នុងនោះរួមមានថ្លៃជួលសម្ភារថត ថ្លៃស្ទូឌីយោ និង ការចំណាយលើបុគ្គលិក។ បច្ចុប្បន្ន ខាងក្រុមហ៊ុនក៏រកអ្នកជំនួសបានហើយដែរ ហើយពួកគេក៏មានគម្រោងប្ដឹង Hu Ling Chen ទាមទារសំណង ៨៧ ម៉ឺនយ័ន (ប្រមាណ ១២ ម៉ឺនដុល្លារ) ពីបទបំពានលើកុងត្រា។
មកដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ Hu Ling Chen ក៏បានបង្ហោះវីដេអូមួយធ្វើការសុំទោស និង ទទួលស្គាល់កំហុសថាខ្លួនមិនបានគិតវែងឆ្ងាយចាកចោលក្រុមការងារកណ្ដាលទីឡើយ។ Ling Chen ទទួលស្គាល់កំហុសគ្រប់យ៉ាង និង និយាយទៀតថា រឿងនេះមិនបានពាក់ព័ន្ធមិត្តស្រីរបស់លោកឡើយ។
លោកបានរៀបរាប់ទៀតថា ក្រោយចុះកុងត្រាជាមួយក្រុមហ៊ុនរួច លោកឃើញថាក្នុងស្គ្រីបរឿងមានឈុតរោលរាលច្រើន។ លោកនិយាយថា៖ «ឈុតថើបគ្នាក្នុងស្គ្រីបគឺលើសកម្រិតដែលខ្ញុំទទួលយកបាន»។ គួរបញ្ជាក់ថា តារាសម្ដែងប្រុស Hu Ling Chen ជាអ្នកខេត្ត Liaoning លោកផ្ទុះប្រជាប្រិយភាពក្នុងការសម្ដែងខ្សែភាពយន្តខ្លីៗនៅប្រទេសចិន ដោយគិតមកទល់ពេលនេះ លោកបានសម្ដែងប្រមាណជាង ១០ រឿងហើយ ដោយក្នុងមួយរឿងៗមានពី ៥០ ភាគ ដល់ ១០០ ភាគ៕