សារព័ត៌មាន India Today បានចេញផ្សាយករណីបាក់រលំជញ្ជាំងស៊ីម៉ងត៍នាព្រះវិហារមួយឈ្មោះ Simhachalam ស្ថិតនៅក្រុង Visakhapatnam រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និង ច្រើននាក់ផ្សេងទៀតបានរងរបួស។
តាមព័ត៌មានបានឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតមានឡើងអំឡុងពេលអ្នកកាន់សាសនានាំគ្នាតម្រង់ជួរចាំទិញសំបុត្រចូលរួមកម្មវិធីបុណ្យដែលរៀបចំធ្វើឡើងប្រចាំឆ្នាំមួយហៅថា Chandanamahotsavan។ តាមប្រភពបានរៀបរាប់ថា ការរៀបចំបណ្ដោះអាសន្នបានធ្វើឡើងដើម្បីជាការត្រៀមសម្រាប់ប្រារព្ធពិធីបុណ្យ ក្នុងនោះរួមមានការដំឡើងតង់ត្រៀមសម្រាប់អ្នកចូលរួមដែលរំពឹងថាមានចំនួនច្រើនមកចូលរួមពិធីបុណ្យនោះ។ ជាមួយគ្នានោះដែរ ក៏មានការសាងសង់ជញ្ជាំងថ្មីៗដើម្បីត្រៀមផងដែរ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ៣០ ខែមេសា កន្លងទៅ មានភ្លៀងធ្លាក់ខ្លាំងនៅទីតាំងនោះរយៈពេលជាង ១ ម៉ោង ហើយដោយសារតែនៅទីតាំងវិហារនោះជាដីភ្នំមានគ្រឹះមិនល្អ បណ្ដាលឱ្យតង់ និង គ្រឹះដែលសាងសង់បណ្ដោះអាសន្ននោះដួលរលំធ្លាក់ទៅលើជញ្ជាំងដែលទើបសង់ថ្មីបណ្ដាលឱ្យវារលំសង្កត់លើមនុស្សដែលចូលរួមតែម្ដង។ ភ្លាមៗ ក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅដល់ទីតាំង ដោយអ្នកដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕