លោកស្រី Rajyalaxmi Chitrakar ភរិយាអតីតនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ Jhalanath Khanal បានទទួលមរណភាពកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្រោយក្រុមបាតុករបានដុតផ្ទះរបស់ពួកគាត់នាតំបន់ Dallu ក្រុង Kathmandu។
តាមព័ត៌មានបានឱ្យដឹងថា លោកស្រី Rajyalaxmi បានជាប់នៅក្នុងផ្ទះ និង រងការរលាកធ្ងន់ធ្ងរ។ លោកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្តែជាអកុសលនៅតែមិនអាចសង្គ្រោះបាន។ លោក Khanal ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ ចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ ២០១១ គឺមិនបាននៅកន្លែងកើតហេតុឡើយនៅពេលនោះ។
គួររំឭកថា កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បាតុកម្មទ្រង់ទ្រាយធំមួយបានកើតមានឡើងក្នុងប្រទេសនេប៉ាល់ ដោយមនុស្សរាប់ពាន់ម៉ឺននាក់ ភាគច្រើនជាយុវវ័យ Gen Z បាននាំគ្នាបង្ហាញប្រតិកម្មខឹងសម្បាពេញដងផ្លូវ ក្រោយរដ្ឋាភិបាលប្រកាសបិទបណ្ដាញសង្គមជាច្រើនដូចជា ហ្វេសប៊ុក Youtube X និង TikTok ជាដើម មិនឱ្យប្រើប្រាស់ក្នុងប្រទេស ដោយលើកហេតុផលថា ក្រុមហ៊ុនទាំងនោះមិនបានចុះបញ្ជី និង អនុលោមតាមការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
បន្ថែមពីនេះ ក្រុមបាតុករក៏បង្ហាញការខកចិត្តចំពោះអំពើពុករលួយ និង ការអួតទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល និង ក្រុមគ្រួសាររបស់ពួកគេផងដែរ។ ក្នុងដំណើរបាតុកម្មនេះដែរ ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ដុតផ្ទះមេដឹងនាំប្រទេសនេប៉ាល់ និង ទីស្នាក់ការកណ្ដាលរដ្ឋាភិបាល បណ្ដាលឱ្យមនុស្សជាង ២០ នាក់បាត់បង់ជីវិត និង ជាង ៣០០ នាក់ទៀតរងរបួស៕