តាមការចេញផ្សាយរបស់សារព័ត៌មាន Ten Asia បានឱ្យដឹងថា តារាសម្ដែងប្រុស Kim Soo Hyun នឹងនៅតែបន្តថតខ្សែភាពយន្តមួយចំនួនតាមកាលវិភាគកំណត់ដដែល។ ជាក់ស្ដែង កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញខ្លួនថតក្នុងកម្មវិធីកម្សាន្ត «Good Day» ហើយកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ លោកក៏បានទៅថតបន្តរឿងភាគថ្មី «Knock-Off» ផងដែរ ដោយអំឡុងពេលថតនោះ Kim Soo Hyun បានជួបជាមួយអ្នកដឹករឿងដោយផ្ទាល់ដើម្បីធ្វើការសុំទោស ដោយក្រោយមកបន្តជួបមិត្តរួមការងារដទៃម្នាក់ម្ដងៗដើម្បីធ្វើការសុំទោសដូចគ្នាដោយសារតែរឿងអាស្រូវរបស់លោកបានធ្វើឱ្យប៉ះពាល់ដល់ការងារ។
តាមប្រភពអ្នកស្គាល់គ្នានឹង Kim Soo Hyun បានបញ្ជាក់ដែរថា បច្ចុប្បន្ន តារាប្រុសរូបនេះគឺកំពុងមានអារម្មណ៍ពិបាក និង ផ្លូវចិត្តមិននឹងននោះឡើយ ហើយអ្នកស្គាល់គ្នានឹងលោករូបនោះ ក៏តែងតែតាមមើល Kim Soo Hyun ជាប់ផងដែរ។ អ្នកស្គាល់គ្នារូបនោះជាបុគ្គលិកម្នាក់នៅកន្លែងថតរឿង «Knock Off» ដោយរូបគេបានលើកឡើងថា អំឡុងពេលសម្រាក ស្ថានភាព Kim Soo Hyun គឺមិននឹងនល្អឡើយ ហើយលោកគឺមិនព្រមចេញពីក្នុងឡានឡើយ។
គួររំឭកដែរថា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ទីភ្នាក់ងាររបស់ Kim Soo Hyun បានប្រកាសថា ពួកគេនឹងធ្វើការបកស្រាយការពិតគ្រប់យ៉ាងពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានជុំវិញនឹងតារាសម្ដែង Kim Soo Hyun នៅសប្ដាហ៍ក្រោយនេះ។ ដោយឡែក ខាង Garo Sero Institute ក៏បានចេញមកតបដែរថា ពួកគេរង់ចាំការឆ្លើយតបពី Kim Soo Hyun ក៏ដូចជាការសុំទោសដល់ក្រុមគ្រួសារ Kim Sae Ron និង ទស្សនិកជនទាំងអស់។ ពួកគេក៏បានគម្រាមទម្លាយរូបភាព និង វីដេអូបន្ថែមទៀត ប្រសិនបើ Kim Soo Hyun នៅតែកុហក។
គួរឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃមកនេះ Kim Soo Hyun គឺរងការខឹងសម្បា និង ការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនរាប់ម៉ឺននាក់នៅអាស៊ី នៅពេលដែលខាង Gero Sero Institute ចោទតារាប្រុសរូបនេះថា បានស្រឡាញ់ Kim Sae Ron តាំងពីនាងនៅមិនទាន់គ្រប់អាយុ ប្រែក្រឡាស់មិនខ្វល់ពីនាងក្រោយចែកផ្លូវគ្នារហូតរុញច្រាននាងឱ្យដល់ផ្លូវមរណៈ។ ក្រោមសម្ពាធរិះគន់មិនពេញចិត្តពីមហាជន ប្រេនល្បីៗមួយចំនួនបានធ្វើការដករូបរបស់ Kim Soo Hyun ពីការផ្សព្វផ្សាយផលិតផលរបស់ពួកគេជាបន្តបន្ទាប់៕
ប្រភព៖ VN Express