បាតុភូតធម្មជាតិដ៏កម្រមួយកំពុងធ្វើឱ្យអ្នកទេសចរ ក៏ដូចជាអ្នករស់នៅក្នុងតំបន់ឆ្នេរ Haikou ខេត្ត Hainan ប្រទេសចិន ផ្ទុះចាប់អារម្មណ៍ជាខ្លាំង ដោយនៅលើឆ្នេរប្រទះឃើញមានសត្វចម្លែករូបរាងមូលៗសំប៉ែតៗដូចជាកាក់លុយ រ៉ាយប៉ាយទើរពាសពេញឆ្នេរដល់ ២ គីឡូម៉ែត្រ។
វីដេអូ និង រូបភាពនៃសត្វចម្លែកទាំងនោះត្រូវបានចែកចាយតាមបណ្ដាញសង្គម រហូតធ្វើឱ្យមនុស្សជាច្រើននៅក្នុងប្រទេសចិន នាំគ្នាទៅមើលផ្ទាល់ៗ។
ដោយឡែក ខណៈមនុស្សសម្រុកទៅមើលបាតុភូតចម្លែកដ៏កម្រលើឆ្នេរនៅខេត្ត Hainan នោះ ក៏មានអ្នកជំនាញម្នាក់ចេញមកធ្វើការព្រមាន កុំឱ្យគ្រប់គ្នាប៉ះពាល់សត្វទាំងនោះ ព្រោះតែវាមានគ្រោះថ្នាក់ណាស់។
អ្នកជំនាញខាងលើឈ្មោះ Lu Gang ជាប្រធានប្រចាំវិទ្យាស្ថានស្រាវជ្រាវតំបន់ដីសើមនៅ Haikou ដោយលោកបានបញ្ជាក់ថា សត្វចម្លែករាងដូចកាក់លុយទាំងនោះ តាមពិតជាប្រភេទខ្ញែរសមុទ្រម៉្យាងហៅថា silver coin jellyfish ឬ blue button jellyfish ដែលជាប្រភេទខ្ញែរសមុទ្រដ៏គ្រោះថ្នាក់មួយ។
លោកបានសង្កត់បញ្ជាក់ទៀតថា ទោះបីពួកវាងាប់ទៅហើយក៏ពិតមែន ប៉ុន្តែជាតិពិសរបស់វានៅតែមាន ដែលអាចបង្កជាប្រតិកម្មអាឡែកហ្ស៊ី រោលក្រហម ឬរលាក ពេលដែលប៉ះពាល់ជាមួយវា៕