ក្រុមហ៊ុន Meta ប្រាប់មូលហេតុហើយ ក្រោយហ្វេសប៊ុក error ធ្វើឱ្យចលាចលអ្នកប្រើប្រាស់ពេញពិភពលោក
ក្រុមហ៊ុន Meta បានចេញសារបកស្រាយហើយពីមូលហេតុ ដែលបណ្ដាលឱ្យមានបញ្ហា error ហ្វេសប៊ុក និង Instagram ទូទាំងពិភពលោកនោះ។
គួរឱ្យដឹងថា កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Instagram ទាំងអស់ បានជួបប្រទះបញ្ហាដូចៗគ្នា ដោយគណនីរបស់ពួកគេបានលោតចេញដោយស្វ័យប្រវត្តិ និង មិនអាច log ចូលបានវិញ។ ភ្លាមៗ មនុស្សជាច្រើន បាននាំគ្នាចូលទៅកាន់បណ្ដាញសង្គម X (Twitter) ដើម្បីសួរទៅកាន់អ្នកប្រើប្រាស់ដទៃ ថាបានជួបប្រទះបញ្ហាដូចពួកគេដែរឬអត់។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ ខាងបុគ្គលិកក្រុមហ៊ុន Meta ក៏បានចេញមុខមកបកស្រាយពីមូលហេតុផងដែរ។ បើតាមលោក Andy Stone ប្រធានផ្នែកទំនាក់ទំនងប្រចាំក្រុមហ៊ុន Meta បានចេញសារបកស្រាយលើបណ្ដាញសង្គម X ថា៖ «នៅមុននេះ ហ្វេសប៊ុកជួបបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យគ្រប់គ្នាជួបការលំបាកក្នុងការចូលប្រើប្រាស់សេវាកម្មរបស់ពួកយើង។ យើងបានដោះស្រាយបញ្ហានោះភ្លាមៗតាមដែលអាចធ្វើបានសម្រាប់អ្នកដែលជួបបញ្ហា ហើយពួកយើងក៏ចង់សុំការអភ័យទោសផងដែរ ចំពោះបញ្ហានេះ»៕