តារាបូលីវូដដ៏ល្បី Saif Ali Khan អាយុ ៥៤ ឆ្នាំ បានរងរបួសចំនួន ៦ កន្លែងលើរាងកាយ និង កំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយរងការវាយប្រហារដោយកាំបិតពីចោរលួចចូលផ្ទះរបស់លោកនៅ Mumbai ប្រទេស ឥណ្ឌា នៅព្រឹកព្រលឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់)។
តាមសារព័ត៌មាន CNA បានចេញផ្សាយថា តារាសម្ដែង Saif Ali Khan រស់នៅអាផាតមិនមួយនៅតំបន់ Bandra ជាយក្រុង Munbai ដោយរូបលោកស្នាក់នៅជាមួយភរិយាជាតារាសម្ដែងដូចគ្នា Kareena Kapoor រួមទាំងកូនៗ ២ នាក់របស់ពួកគេ។ ក្រោយរងរបួស រូបលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលជិតបំផុតវេលាម៉ោងប្រមាណជា ៣ និង ៣០ នាទីព្រឹកថ្ងៃទី ១៦ ខែមករា ដោយរបួសរបស់លោកមានចំនួន ៦ កន្លែង ក្នុងនោះ ២ កន្លែងមានសភាពធ្ងន់ និង ជ្រៅជាងគេ។
ចំពោះជនសង្ស័យដែលលួចចូលផ្ទះរបស់តារាប្រុសខាងលើវិញ តាមប៉ូលិសបានបញ្ជាក់ថារូបគេបានគេចខ្លួនភ្លាមៗក្រោយហេតុការណ៍ ហើយបច្ចុប្បន្នប៉ូលិសកំពុងតែដាក់ការស៊ើបអង្កេតចាប់ជនសង្ស័យរូបនោះយកមកកាត់ទោសតាមផ្លូវច្បាប់៕
ប្រភព៖ CNA