នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន DongA Ilbo បានចេញផ្សាយថា ប៉ូលិសនៅសង្កាត់ Seodaemun ប្រទេសកូរ៉េខាងត្បូង បានកក់ឈ្មោះ និង បើកការស៊ើបអង្កេតលើតារាចម្រៀងដ៏ល្បី PSY ពាក់ព័ន្ធនឹងករណីបំពានច្បាប់សេវាកម្មសុខាភិបាលកូរ៉េ។ តាមព័ត៌មានបានឱ្យដឹងថា PSY សង្ស័យប្រើប្រាស់ថ្នាំព្យាបាលផ្លូវចិត្ត Xanax និង Stilnox ដោយខុសច្បាប់នៅឯមន្ទីរពេទ្យក្នុងក្រុងសេអ៊ូល តាំងពីឆ្នាំ ២០២២ រហូតមកទល់បច្ចុប្បន្ននេះ ដោយរូបលោកមិនបានទៅជួបគ្រូពេទ្យដោយផ្ទាល់ឡើយ តែឱ្យអ្នកគ្រប់គ្រងរបស់លោកទៅបើកថ្នាំជំនួសវិញ។
គួរបញ្ជាក់ថា ថ្នាំ Xanax គឺជាថ្នាំប្រើប្រាស់សម្រាប់ព្យាបាលជំងឺថប់បារម្ភ កាត់បន្ថយជំងឺស្ត្រេស ខណៈថ្នាំ Stilnox ជាថ្នាំបើកឱ្យអ្នកជំងឺពេញវ័យសម្រាប់ព្យាបាលបញ្ហាគេងមិនលក់រយៈពេលខ្លី។ ថ្នាំទាំង ២ មុខនេះ គឺជាថ្នាំព្យាបាលបញ្ហាផ្លូវចិត្ត និង តម្រូវឱ្យមានការពិនិត្យ និង ចេញការណែនាំឱ្យប្រើប្រាស់ត្រឹមត្រូវមុនអាចយកទៅប្រើបាន។
ចំពោះគ្រូពេទ្យដែលចេញថ្នាំទាំងនេះទៅឱ្យតារាចម្រៀង PSY ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតដូចគ្នា។ យ៉ាងណាមិញ គ្រូពេទ្យរូបនោះបានចេញបដិសេធលើការចោទប្រកាន់ថាលោកបើកថ្នាំដោយខុសច្បាប់ និង បញ្ជាក់ថា PSY គឺជាអ្នកជំងឺរបស់ខ្លួនដែលទទួលការព្យាបាលលក្ខណៈឯកជនដាច់ដោយឡែកពីគេ។
ក្រោយព័ត៌មានចេញផ្សាយពីការកក់ឈ្មោះ PSY ស៊ើបអង្កេតជុំវិញការបំពានសេវាកកម្មសុខាភិបាលកូរ៉េ ខាងក្រុមហ៊ុនរបស់លោក P NATION ក៏បានបញ្ចេញលិខិតផ្លូវការមួយបញ្ជាក់ពីស្ថានភាពសុខភាពរបស់ PSY ផងដែរ។ តាមការប្រកាសពីក្រុមហ៊ុន PSY គឺមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ដោយត្រូវលេបថ្នាំជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យ។ ក្រុមហ៊ុនបានឱ្យដឹងទៀតថា ការប្រើប្រាស់ថ្នាំរបស់ PSY គឺតែងតែស្ថិតក្រោមការត្រួតពិនិត្យ ហើយកម្រិតថ្នាំក៏ត្រូវបានចេញតាមវេជ្ជបញ្ជាត្រឹមត្រូវផងដែរ។
បន្ថែមពីនេះ P NATION ក៏បានអះអាងទៀតថា វាមិនមែនជារឿងពិតទេដែលថា PSY ប្រើប្រាស់ថ្នាំខុសច្បាប់ដោយប្រើប្រាស់អត្តសញ្ញាណអ្នកផ្សេងដូចដែលព័ត៌មានចេញផ្សាយនោះទេ។ ដោយឡែក ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងទៅយកថ្នាំឱ្យ PSY ខាងក្រុមហ៊ុនទទួលស្គាល់ថាវាជាកំហុសមួយផ្នែករបស់តារាចម្រៀងខ្លួន ហើយពួកគេក៏សុំធ្វើការសុំទោសជំនួសលោកផងដែរ៕