លេបថ្នាំបន្ថយភាពតានតឹង ប៉ះពាល់ដល់ការបំបៅកូនដោយទឹកដោះដែរទេ?
យោងតាមការស្រាវជ្រាវថ្មីមួយបានរកឃើញថា ផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីការប្រើថ្នាំសម្រួលផ្លូវអារម្មណ៍ និង បញ្ហាសរសៃប្រសាទនោះ មិនមានជាប់ទាក់ទងទៅនឹងការបំបៅកូនដោយទឹកដោះនោះទេ នេះបើយោងតាមលទ្ធផលសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ British Journal of Clinical Pharmacology ។
ការប្រើប្រាស់ថ្នាំមានផ្ទុកសារធាតុ សេរ៉ូតូនីន serotonin ចំពោះស្ត្រីមានផ្ទៃពោះ គឺមិនមានហានិភ័យប៉ះពាល់ដល់សុខភាព និង ប៉ះពាល់ដល់ការផលិតបរិមាណទឹកដោះនោះដែរ ។
ព្រោះថាពីមុនមកគេបានសិក្សារកឃើញថា ស្ត្រីដែលព្យាបាលវិបត្តិផ្លូវអារម្មណ៍ដោយប្រើថ្នាំរម្ងាប់អារម្មណ៍ អាចមានហានិភ័យខ្ពស់ប៉ះពាល់ដល់ការថយចុះនូវបរិមាណទឹកដោះក្នុងការបំបៅទារក ។
ប៉ុន្តែតាមការរកឃើញថ្មី រកឃើញថា វាមិនមានផលប៉ះពាល់អ្វីដោយសារថ្នាំនោះទេ ប៉ុន្តែការថយចុះនៃបរិមាណទឹកដោះវាមានជាប់ទាក់ទងនឹងកត្តាសុខភាពរបស់ស្ត្រី និង ទារកដែលកើតមកមុនកំណត់ជាដើម ។ ការសិក្សានេះបានសិក្សាទៅលើស្ត្រីចំនួន ៣០២៤ នាក់ ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០០៨ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Luke Grzeskowiak នៅសាកលវិទ្យាល័យ University of Adelaide ក្នុងប្រទេសអូស្ត្រាលី ៕ សុផល (ប្រភព៖ sciencedaily.com)