ឧបករណ៍ទារកបែប 3D ជួបឱ្យអ្នកអាចពកូន មុនពេលចាប់កំណើត
តើអ្នកនឹងមានអារម្មណ៍ដូចម្តេចប្រសិនបើអាចពកូនរបស់អ្នកដែលមិនទាន់កើតមកនោះ ។ ពិតណាស់វាជាក្តីសុបិន ដែលនឹងក្លាយជាការពិត ដោយក្រុមហ៊ុនមួយនៅក្នុងប្រទេសរុស្ស៊ី បានបង្កើតឧបករណ៍មួយអាចផលិតទម្រង់រូបរាងទារកបែប 3D បាន ។
យោងតាមសេចក្តីរាយការណ៍ពីកាសែត International Times ក្នុងប្រទេសសិង្ហបុរីបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះនឹងអាចពកូនរបស់ពួកគេបានទាំងមុនពេលទារកកើត ដោយប្រើបច្ចេកវិជ្ជាព្រីន 3D ប្រើសារធាតុប្រាក់ មាស ឬ ជ័រប្លាស្ទីក ។
បើតាមក្រុមហ៊ុន Embryo 3D ដែលជាក្រុមហ៊ុនរុស្ស៊ីមួយដ៏ល្បីបានឱ្យដឹងថា បច្ចេកវិជ្ជា 3D នេះ អាចព្រីន និង បង្ហាញរូបរាងទារកបានតាមរយៈម៉ាស៊ីនស្កេនវាស់សំឡេង និង រូបភាព ។ ក្រុមហ៊ុនបានបន្ថែមឱ្យដឹងថា ក្រុមហ៊ុននេះមានជំនាញក្នុងការបង្កើតរូបភាពតាមការវាស់ និង ស្កេនទម្រង់មុខ ជើង និង ទងផ្ជិតទារកក្នុងផ្ទៃបានយ៉ាងជាក់ច្បាស់ ៕ សុផល (ប្រភព៖ Zeenews.com)