ស្រ្តីមានផ្ទៃពោះ មិនចង់ឱ្យទារកកើតបញ្ហាអាឡែកហ្ស៊ី គួរធ្វើដូចម្តេច ?
ស្ត្រីដែលប្រើថ្នាំគ្រាប់មានជាតិខ្លាញ់ត្រី និង probiotics ច្រើនក្នុងពេលមានផ្ទៃពោះ អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាអាលឡែកស៊ី និង ជម្ងឺស្បែកផ្សេងៗបានចំពោះទារក នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹង ។
នៅក្នុងរបាយការណ៍នៃការស្រាវជ្រាវដ៏ធំបំផុតនេះ គឺបានធ្វើឡើងដោយ Imperial College London ដោយបានសិក្សាទៅលើស្ត្រីចំនួន ១,៥ លាននាក់ ដោយវាយតម្លៃតាមលទ្ធផលសិក្សាពីមុនៗជាង ៤០០ ដើម្បីសិក្សាពីកត្តារបបអាហាររបស់ស្ត្រីមានផ្ទៃពោះ ថាតើវាមានផលប៉ះពាល់ និង បង្កហានិភ័យនៃបញ្ហាអាល់ឡែកហ្ស៊ីបានកម្រិតណា ? ។
ជាលទ្ធផលគេបានរកឃើញថា នៅពេលស្ត្រីមានផ្ទៃពោះបានលេបគ្រាប់ថ្នាំមានផ្ទុកសារធាតុខ្លាញ់ត្រីជារៀងរាល់ថ្ងៃពី ២០ សប្តាហ៍ឡើងទៅក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្នុងអំឡុងពេលពី ៣ ទៅ ៤ ខែ នៃការបំបៅកូនដោយទឹកដោះម្តាយ វានឹងជួយបន្ថយហានិភ័យនៃការឈានទៅកើតជំងឺអាល់ឡែកហ្ស៊ីបានរហូតដល់ទៅ ៣០ ភាគរយ ៕ សុផល (ប្រភព៖ sciencedaily.com)