តិចអត់ដឹងថា ផ្លែត្របែកមានអត្ថប្រយោជន៍ដល់សុខភាពចុះ !
ត្របែកជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិជូអែមអាចទទួលទានបានទាំងខ្ចី និង ទុំ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា ។ គេពិតជាស្គាល់ និង ឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែត្របែកអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាខ្លះ ចំពោះសុខភាពនោះ ? ។
តើចង់ដឹងទេ ការទទួលទានផ្លែត្របែក មានប្រសិទ្ធភាពយ៉ាងណាដល់សុខភាព ?
១. ជួយឱ្យស្រកទម្ងន់
ត្របែកមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិសរសៃ និង វីតាមីន ប៉ុន្តែកាឡូរីទាប ហើយគ្មានកូឡេស្តេរ៉ូល ដែលធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ ។ វាក៏មានផ្ទុកជាតិស្ករតិចបំផុតបើប្រៀបជាមួយផ្លែទំពាំងបាយជូរ, ក្រូច និង ប៉ោម ។
២. បង្កើនសុខភាពភ្នែក
ត្របែក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយរក្សាសុខភាពភ្នែកជៀសផុតពីជំងឺផ្សេងៗ និងធ្វើឱ្យមើលឃើញបានកាន់តែច្បាស់ ។
៣. ព្យាបាលអាការៈទល់លាមក
ត្របែក មានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary ជួយសម្រួលប្រព័ន្ធរំលាយអាហារ ក៏ដូចជាចលនាពោះវៀនបំបាត់អាការៈទល់លាមកបានយ៉ាងឆាប់រហ័ស ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ត្របែកជាប្រភពដ៏ប្រសើរនៃវីតាមីន C, សារធាតុ lycopene, សារធាតុ polyphenols និង សារធាតុ quercitin ដែលមានឥទ្ធិពលខ្លាំងក្លាប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ។
៥. បញ្ចុះសម្ពាធឈាម
បរិមាណនៃជាតិសរសៃខ្ពស់ក្នុងផ្លែត្របែក ក៏ជួយបញ្ចុះសម្ពាធឈាម និង កូឡេស្តេរ៉ូលមិនល្អ ដែលធ្វើឱ្យអ្នកអាចជៀសផុតពីជំងឺសរសៃឈាមបេះដូង រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល ។
៦. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ជាតិសរសៃ dietary នៃផ្លែត្របែកជួយគ្រប់គ្រងការស្រូបយកជាតិស្ករដោយរាងកាយ។ ដូច្នេះវាកាត់បន្ថយឱកាសនៃការធ្លាក់ចុះ ឬកើនឡើងខុសប្រក្រតីនៃជាតិស្ករ និង អាំងស៊ុយលីនក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ៕
ដោយ ៖ ដេវីត
ប្រភព៖ www.health.com.kh