តារាសម្ដែងកូរ៉េ Kim Soo Hyun ត្រូវបានក្រុមហ៊ុន Classys រឹបអូសយកអាផាតមិនដ៏ប្រណីតមួយរបស់លោក ក្រោយលោកបរាជ័យមិនអាចសងសំណងថ្លៃកុងត្រារបស់គេបាន។
តាមសេចក្ដីថ្លែងការណ៍មួយដែលចែករំលែកពីខាងទីប្រឹក្សាច្បាប់របស់តារាប្រុស Kim Soo Hyun បានឱ្យដឹងថា អាផាតមិនមួយកន្លែងរបស់លោកត្រូវបានខាងក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ Classys រឹបអូសហើយ។ គួរឱ្យដឹងថា Kim Soo Hyun បានទិញអាផាតមិនចំនួន ៣ ក្នុងអគារ Galleria Forêt ក្នុងឆ្នាំ ២០១៣ និថ ២០១៤។ ខាងក្រុមហ៊ុន Classys បានរឹបអូសយកអាផាតមិនដែលលោកទិញក្នុងឆ្នាំ ២០១៣ ដោយសារតែលោកបរាជ័យមិនអាចបង់សំណងថ្លៃកុងត្រាចំនួន ៣ ពាន់លានវ៉ុន (ប្រមាណ ២.១៩ លានដុល្លារបាន។
ទីប្រឹក្សាផ្នែកច្បាប់របស់ Kim Soo Hyun បានអះអាងថា ការរឹបអូសអាផាតមិនពីសំណាក់ក្រុមហ៊ុន Classys គឺមិនសមហេតុផលសោះឡើយ ដោយពួកគេចាត់ទុកថា Kim Soo Hyun ជាជនរងគ្រោះម្នាក់នៃការព្យាបាទពីសំណាក់ Garo Sero Institute និង Kim Se Ui។ ខាងទីប្រឹក្សាច្បាប់ដដែលបានទទួលស្គាល់ដែរថា ខាងក្រុមហ៊ុនផ្សព្វផ្សាយទាំងអស់ដែលចុះកុងត្រាជាមួយ Kim Soo Hyun ក៏ទទួលរងការខាតបង់ហិរញ្ញវត្ថុដោយសារតែស្ថានការណ៍រឿងអាស្រូវនោះដែរ ប៉ុន្តែពួកគេក៏សង្កត់បញ្ជាក់ដែរថា កំហុស និង ការទទួលខុសត្រូវទាំងប៉ុន្មានគួរតែខាង Garo Sero Institute និង Kim Se Ui ជាអ្នកទទួល មិនមែនជា Kim Soo Hyun ឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Classys បានដាក់ពាក្យបណ្ដឹងរឹបអូសអាផាតមិនរបស់ Kim Soo Hyun កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ហើយការរឹបអូសត្រូវបានតុលាការសម្រេចអនុម័តយល់ព្រមនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥៕
ប្រភព៖ Koreaboo