ជាដំណឹងដ៏រន្ធត់ និង តក់ស្លុតមួយសម្រាប់អ្នកគាំទ្រខ្សែភាពយន្តហុងកុង ដោយអតីតតារាសម្ដែងជើងចាស់ លោកតា Tang Chia ស្វាមីតារាសម្ដែងស្រីជើងចាស់ Hung Suet Nei ហៅ Suet Nay បានទទួលមរណភាពហើយក្នុងវ័យ ៨៨ ឆ្នាំ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ដោយការធ្លាក់ពីលើអគារខ្ពស់នាតំបន់ Jordan ក្រុងហុងកុង។
តាមសារព័ត៌មាននៅហុងកុងបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតមានឡើងនៅវេលាម៉ោងប្រមាណ ៥ ល្ងាច (ពេលវេលាក្នុងតំបន់) ដោយប៉ូលិសទទួលបានការរាយការណ៍ពីអ្នកបើកបរម្នាក់ដែលជាសាក្សីផ្ទាល់ឃើញបុរសម្នាក់ធ្លាក់ពីលើអគារមក បុកជាមួយស្លាកសញ្ញាលើដងផ្លូវមុនធ្លាក់មកលើដីនាផ្លូវប្រសព្វផ្លូវ Austin និង Pine Tree Hill។ តាមការរៀបរាប់ ជនរងគ្រោះគឺស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយផ្នែកក្បាល និង រាងកាយលោកគឺរកឃើញនៅទីតាំងដាច់ដោយឡែកពីគ្នា។
គួររំឭកថា លោកតា Tang Chia បានចាប់ផ្ដើមអាជីពដំបូងលើវិស័យគុនបុរាណចិនក្នុងវ័យ ១៥ ឆ្នាំ ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូ Yuen Siu Tien។ លោកចាប់ផ្ដើមដើរចូលវិស័យភាពយន្តនៅវ័យ ១៩ ឆ្នាំ ហើយក្នុងឆ្នាំ ១៩៦០ លោកទទួលបានភាពលេចធ្លោខ្លាំងក្នុងនាមជាតារាសម្ដែងក្បាច់គុនដ៏គួរឱ្យទុកចិត្តបំផុតរបស់អ្នកដឹកនាំរឿង Chang Cheh អមជាមួយលោក Lau Kar Leung នៅ Shaw Brothers។
មកដល់ឆ្នាំ ១៩៨០ លោកតា Tang Chia បានដឹកនាំខ្សែភាពយន្តគុនកុងហ្វូដ៏ល្បីៗមួយចំនួនដូចជារឿង «Shaolin Prince», «Shaolin Intruders» និង រឿង «Opium and the Kung Fu Master»។ ក្រោយមក លោកតាក៏បានចូលទូរទស្សន៍ TVB ជាតារាគុនបុរាណចិន មុនផ្ដាច់ខ្លួនបន្តិចម្ដងៗចេញពីវិស័យកម្សាន្តនៅចុងឆ្នាំ ១៩៨០៕