លោក Shaun Tam តារាប្រុសសម្ដែងជាតួអង្គ ប៉ាវ ជីងធាន ក្នុងរឿងរបស់ទូរទស្សន៍ TVB ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើល ក្រោយរូបលោកបានទម្លាយថាលោកត្រូវបានគេបោកលុយតាមអនឡាញយកអស់ជាង ១ ពាន់ដុល្លារ។
តាមសារព័ត៌មាន MP Weekly តារាសម្ដែងប្រុសខាងលើបានចែករំលែកបទពិសោធរបស់ខ្លួនមួយនេះ អំឡុងពេលចូលរួមកម្មវិធីរបស់រឿងភាគថ្មីមួយរបស់ TVB កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ លោកបានរៀបរាប់ថា ដំបូងឡើយលោកទទួលបានសារមួយដែលផ្ញើមកប្រាប់លោកថា លោកមិនទាន់បានបង់ថ្លៃសេវាអនឡាញ ហើយដោយមិនគិតច្រើនលោកក៏ចូលអនឡាញទៅបង់ថ្លៃសេវានោះ។ ត្រឹមធ្វើតាមសារ ២ ទៅ ៣ លោក Shaun Tam ត្រូវបាត់បង់ប្រាក់អស់ជាង ៨ ពាន់ដុល្លារហុងកុង (ប្រមាណ ១០២១ ដុល្លារអាមេរិក)។
ពេលនោះដែរ លោកបានទៅធនាគារដើម្បីដោះស្រាយបញ្ហានេះដែរ ប៉ុន្តែខាងធនាគារប្រាប់លោកវិញថា ខាងក្រុមហ៊ុនមិនទទួលខុសត្រូវលើរឿងហេតុដែលបានកើតឡើងនោះឡើយ។ ចំនួនទឹកប្រាក់ដែលបាត់បង់ទៅគឺមិនសូវជាច្រើនប៉ុន្មានសម្រាប់លោក Shaun Tam នោះទេ ប៉ុន្តែលោកចែករំលែកបទពិសោធមួយនេះដើម្បីឱ្យមហាជនមានការប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមអនឡាញតាមរបៀបបែបនេះ៕