លោក Tim Pan នាយកប្រតិបត្តិក្រុមហ៊ុន Mediastorm នៅចិន ថ្មីៗនេះកំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលខ្លាំង នៅពេលរូបលោកចេញមកប្រកាសថា លោកនឹងឱ្យបុគ្គលិករបស់លោកទាំងអស់ រួមទាំងអ្នកទើបចូលធ្វើការថ្មីៗ ឬសូម្បីតែអ្នកហាត់ការ នូវទូរស័ព្ទ iPhone 17 Pro Max ម្នាក់មួយគ្រឿង។
សេចក្ដីប្រកាសនេះដែរបានធ្វើឡើងភ្លាមៗ ក្រោយកម្មវិធីបច្ចេកវិទ្យាមួយនៅ California ហើយបានចែកចាយពាសពេញក្នុងគ្រុបឆាតរបស់ក្រុមហ៊ុន អមមកជាមួយសារមួយថា រាល់បុគ្គលិកទាំងអស់អាចជ្រើសរើសពណ៌ដែលពួកគេពេញចិត្តថែមទៀត។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ខាងក្រុមហ៊ុនក៏នឹងរ៉ាប់រងថ្លៃពន្ធរបស់ទូរស័ព្ទនោះថែមទៀត ដោយបុគ្គលិកមិនចាំបាច់ខ្វល់រឿងបង់ពន្ធនោះឡើយ។
តាមការគណនាត្រួសៗ ថ្លៃចំណាយរបស់ក្រុមហ៊ុន Mediastorm លើទូរស័ព្ទទំនើប iPhone 17 Pro Max ដែលផ្ដល់ឱ្យបុគ្គលិកម្នាក់មួយគ្រឿងនេះគឺមិនតិចនោះឡើយ។ ជាក់ស្ដែង តម្លៃលក់រាយទូរស័ព្ទទំនើបថ្មីនេះក្នុងប្រទេសចិនគឺប្រមាណខ្ទង់ ១ ម៉ឺន-១២០០០ យ័ន (ប្រមាណ ១៤០០-១៦៥០ ដុល្លារ)។ បច្ចុប្បន្ន ក្រុមហ៊ុន Mediastorm មានបុគ្គលិកប្រមាណ ១០០-១២០ នាក់ ដូចនេះ តម្លៃទិញទូរស័ព្ទនេះឱ្យបុគ្គលិកគឺខ្ទង់ ១.៤-២ លានដុល្លារ។
បន្ថែមពីនេះ ក្រោមបទប្បញ្ញពន្ធរបស់ចិន ការផ្ដល់កាដូឱ្យបុគ្គលិកគឺចាត់ទុកជាចំណូលផ្ទាល់ខ្លួនដែលជាប់ពន្ធ ប៉ុន្តែក្នុងករណីនេះ លោក Tim Pan បានអះអាងថា ខាងក្រុមហ៊ុននឹងបង់ថ្លៃពន្ធទាំងនោះជំនួសបុគ្គលិក ថែមតម្លៃពីលើប្រមាណ ៣០-៤០% លើតម្លៃទូរស័ព្ទនីមួយៗ ដូច្នេះបើសរុបទាំងពន្ធទៅ ទូរស័ព្ទមួយគ្រឿងអាចមានតម្លៃជាមធ្យម ១៥០០ ដុល្លារ ហើយតម្លៃទិញសរុបអាចលើស ២ លានដុល្លារទៀត។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល CEO ក្រុមហ៊ុននេះពញ្ញាក់អារម្មណ៍បុគ្គលិកជាមួយកាដូដ៏មានតម្លៃនេះ។ ជាក់ស្ដែង កាលពីឆ្នាំទៅ រាល់បុគ្គលិក Mediastorm ទាំងអស់ទទួលបាន iPhone 16 Pro និង Apple Watch Series 10 ផងដែរ៕
ប្រភព៖ Kenh14