កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន Orientaldaily បានចេញផ្សាយដំណឹងដ៏តក់ស្លុតមួយដោយលោក Bun Hay Mean ជាតារាកំប្លែងល្បីឈ្មោះក្នុងប្រទេសបារាំង បានទទួលមរណភាពហើយក្នុងវ័យ ៤៣ ឆ្នាំដោយសារធ្លាក់ពីលើអគារខ្ពស់។
ប៉ូលិសបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និង រកឃើញថា លោក Bun Hay Mean បានធ្លាក់ពីជាន់ទី ៨ មកដល់ដីស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយចំពោះមូលហេតុគឺលោកព្យាយាមលូកយកទូរស័ព្ទដែលធ្លាក់លើទបង្ហូរទឹកនៅយ៉មុខផ្ទះ ហើយក៏ជួបគ្រោះថ្នាក់ធ្លាក់ពីយ៉មកក្រោមតែម្ដង។
មរណភាពរបស់តារាកំប្លែង Bun Hay Mean បានធ្វើឱ្យមហាជនអ្នកគាំទ្រលោកជាច្រើនតក់ស្លុត និង សោកស្ដាយជាខ្លាំង ដោយមហាជនតាមបណ្ដាញសង្គម ក៏ដូចជាមិត្តៗក្នុងវិស័យសិល្បៈបានសម្ដែងការរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោកដែលបានបាត់បង់បុគ្គលដ៏មានទេពកោសល្យរូបនេះ។
គួរបញ្ជាក់ថា លោក Bun Hay Mean បានកើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៨១ នៅតំបន់ Lormont ប្រទេសបារាំង។ លោកមានម្ដាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិចិន ដោយពួកគាត់ទាំងពីរបានភៀសខ្លួនពីរបបខ្មែរក្រហមទៅរស់នៅឯជាយក្រុង Bordeauxប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៧៕