បុរសជនជាតិថៃម្នាក់វ័យ ៣២ ឆ្នាំឈ្មោះ Thakorn ផ្ទុះកំហឹងជ្រុលខុសធម្មតារហូតហ៊ានលើកដៃបង្ករបួសស្នាមលើខ្លួនឯង ក្រោយរកឃើញស្លឹកគូឆាយក្នុងម្ហូប «ផាត់ថៃ» របស់ខ្លួន ទាំងដែលនិយាយក្ដែងៗបញ្ជាក់ពេលកុម្មង់ថាកុំឱ្យដាក់។
តាមសារព័ត៌មាន Channel 7 បានឱ្យដឹងថា នៅពេលដែលប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញ Thakorn កាន់កាំបិតប្រវែង ៣០ សង់ទីម៉ែត្រនៅក្នុងដៃ ជាមួយនឹងរបួសជើងហូរឈាមរហាម។ ហេតុការណ៍ខាងលើនេះដែរបានកើតមានឡើងកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅសង្កាត់ Napha ខេត្ត Chonburi ប្រទេសថៃ ក្រោយមានគេប្ដឹងប៉ូលិសថាមានបុរសម្នាក់កំពុងតែអុកលុកក្នុងហាងលក់ទំនិញមួយ។
ក្រុមសង្គ្រោះបានចុះទៅដល់ទីតាំង និង បានឃើញស្នាមរបួសដោយការចាក់លើជើងខាងឆ្វេងរបស់ Thakorn ដែលកំពុងមានឈាមហូរកក្លាក់។ មិនគិតយូរ ពួកគេចូលទៅសង្គ្រោះបុរសរូបនោះសិនមុនបញ្ជូនគេទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត។ ពេលសួរនាំទៅទើបដឹងថា ដើមហេតុដំបូងរូបលោកបានកុម្មង់ ផាត់ថៃ ពីហាងមួយកន្លែងដោយបញ្ជាក់ប្រាប់គេថាកុំឱ្យដាក់ស្លឹកគូឆាយ តែពេលអាហារមកដល់ វានៅតែមានស្លឹកគូឆាយមកជាមួយ ដែលជាហេតុធ្វើឱ្យលោកខកចិត្ត និង ខឹងសម្បាជាខ្លាំង។
ខឹងពេក លោកក៏បោះម្ហូបនោះចោលតែខាងអ្នកលក់នៅទារសុំលុយថ្លៃម្ហូប លោកមិនព្រមក៏កើតទៅជាមានជម្លោះរហូតធ្វើឱ្យទប់លែងជាប់បែបនេះទៅ៕