គួរឱ្យសរសើរ! ឌី សូនិត្តា បណ្ដុះគំនិតកូនស្រីឱ្យចេះធ្វើបុណ្យដាក់ទានតាំងពីតូច
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២២ នេះ គេឃើញមានសិល្បករ សិល្បការិនីជាច្រើនបាននាំគ្រួសារទៅវត្តធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនជីដូនជីតាដែលបានចែកឋាន។
ងាកមកសិល្បករ-ការិនីដែលមានកូនប្រុសស្រីតូចៗវិញ ពួកគេមិនត្រឹមតែងតុបតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីជាមួយហូលផាមួងអាវម៉ាក់យ៉ាងសមសួនថ្លៃថ្នូរទេ ប៉ុន្ដែពួកគេក៏បានតែងខ្លួនឱ្យកូនៗសមសួនទៅតាមប្រពៃណីដែរ។
តួយ៉ាងថ្មីៗនេះ មហាជនអ្នកគាំទ្រកំពុងលើកសរសើរពីនាងតូច ហ្សូរ៉ា ម៉ីហាណា ដែលគេស្គាល់ជចាកូនស្រីបណ្ដូលចិត្តរបស់តារាសម្ដែង ឌី សូនិត្តា ខណៈនាងតូចបានតុបតែងខ្លួនជាមួយអាវស និង សំពត់ចងល្បាប់យ៉ាងហំហាន មើលទៅគួរឱ្យក្នាញ់សម្បើមណាស់។
លើសពីនេះ ឌី សូនិត្តា ក៏បានរៀបចំអំណោយបន្តិចបន្ទួចតាមសន្ធាជ្រះថ្លាជូនដល់លោកតាលោកយាយនៅទីវត្តអារាម ដែលនេះអាចនិយាយបានថាជាការបណ្ដុះផ្នត់គំនិតចែករំលែកដ៏ល្អមួយសម្រាប់កូនស្រីតាំងពីគេនៅតូច៕