កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បុរសវៀតណាមម្នាក់វ័យ ៥២ ឆ្នាំ ឈ្មោះ Vu Van Vuong ត្រូវបានតុលាការប្រជាជនក្រុងហាណូយកាត់ទោសប្រហារជីវិត ក្រោយរូបលោកសម្លាប់កូនស្រី កូនប្រុស ប្រពន្ធ និង ម្ដាយចាស់ជរា យ៉ាងព្រៃផ្សៃ កាលពីដើមឆ្នាំ ២០២៥។
តាមឯកសាររបស់តុលាការ លោក Vuong បានប្រព្រឹត្តបទល្មើសឃាតកម្មនេះរយៈពេល ២ ថ្ងៃកាលពីពាក់កណ្ដាលខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងផ្ទះរបស់ខ្លួននៅសង្កាត់ Phu Xuyen ក្រុងហាណូយ ប្រទេសវៀតណាម។ នៅព្រឹកថ្ងៃទី ១៥ ខែមករា លោកបានរឹត-កសម្លាប់កូនស្រីអាយុ ១៩ ឆ្នាំរបស់ខ្លួន រួចលាក់សពរបស់នាងនៅក្រោមគ្រែ។ ក្រោយមក នៅពេលរសៀលថ្ងៃដដែល លោកក៏ប្រើវិធីសាស្ត្រសម្លាប់ដដែលលើកូនប្រុសវ័យ ១៧ ឆ្នាំរបស់លោក។
ដល់ពេលយប់ ក្រោយប្រពន្ធត្រឡប់ពីធ្វើការមកផ្ទះវិញ លោកក៏សម្លាប់នាងនៅម៉ោងប្រមាណ ១១ យប់ រួចក៏លាក់សពក្នុងទីតាំងដដែល។ មកដល់ព្រលឹមថ្ងៃបន្ទាប់លោក Vuong ក៏បានរឹត-កម្ដាយចាស់អាយុ ៧៩ ឆ្នាំរបស់លោកដែលមានជំងឺដេកនឹងលើគ្រែរហូតស្លាប់ទៀត។ ក្រោយសម្រេចឃាតកម្មរួចរាល់ លោក Vuong ក៏សរសេរលិខិតបណ្ដាំហើយក៏ប៉ងធ្វើអត្តឃាតខ្លួនឯងតាមក្រោយដោយការលេបថ្នាំងងុយដេកប៉ុន្តែមិនស្លាប់។ បន្ទាប់មក លោកក៏រត់គេចខ្លួនចេញពីហាណូយទៅដាណាង រួចក៏គេចទៅភាគខាងត្បូងក្រុង Vung Tau។
មកដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ លោកក៏ត្រូវប៉ូលិសចាប់ខ្លួនបាននៅវត្ត Lien Tri នៅពេលលោកកំពុងរៀបចំធ្វើបុណ្យឱ្យជនរងគ្រោះ។ ពេលឃាត់ខ្លួននោះ លោក Vuong បង្ហាញអាការជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និង សតិមិននឹងនរឡើយ តែតេស្តមិនឃើញប្រើប្រាស់គ្រឿងញៀនឡើយ។ តាមចម្លើយសារភាព លោក Vuong បាននិយាយថា លោកសម្លាប់ក្រុមគ្រួសារចោលបែបនេះព្រោះតែចង់ឱ្យពួកគេរួចពីបញ្ហាក្រខ្សត់លំបាក៕
ប្រភព៖ Stratstimes