បច្ចេកវិទ្យាកាន់តែទំនើប ឥលូវនេះ ក្រុមហ៊ុនជើងហោះហើរមួយរបស់ប្រទេសរុស្ស៊ីឈ្មោះ Pobeda Airlines បានក្លាយជាក្រុមហ៊ុនដំបូងគេបំផុតដែលបានជ្រើសរើសប្រើប្រាស់រ៉ូបូតធ្វើជាបុគ្គលិកបម្រើការលើយន្តហោះរបស់ខ្លួន។ ជាក់ស្ដែង កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅលើ channel Youtube «AirPro News» បានបង្ហោះវីដេអូមួយបង្ហាញឱ្យឃើញពីសកម្មភាពរបស់រ៉ូបូតឆ្លាតវៃដែលមានសមត្ថភាពសឹងតែដូចនឹងបុគ្គលិកបម្រើការលើយន្តហោះអាជីពទៅហើយ។

រ៉ូបូតនោះដែរមានឈ្មោះថា Volodya ដោយតាមរយៈវីដេអូលើ Youtube រ៉ូបូតនេះឃើញថាអាចទាក់ទងជាមួយមនុស្សបានល្អមែនទែន។ វាជួយសម្រួលបានគ្រប់ការងារ រាប់តាំងពីការស្វាគមន៍អ្នកដំណើរនៅមុខទ្វារយន្តហោះ ធ្វើបទបង្ហាញពីវិធីការពារខ្លួន រួមទាំងទំនាក់ទំនងជាមួយអ្នកដំណើរអំឡុងពេលធ្វើដំណើរទៀតផង។


យ៉ាងណាមិញ ក្រោយយន្តហោះចាប់ហោះហើរឡើង រ៉ូបូត Volodya មិនមានវត្តមានក្នុងការបម្រើអាហារដល់អ្នកដំណើរឡើយ ប៉ុន្តែវត្តមានរបស់វាបានញ៉ាំងឱ្យបរិយាកាសហោះហើរមានភាពរីករាយជាងមុន ដោយអ្នកដំណើរទាំងក្មេងទាំងចាស់ ចាប់អារម្មណ៍លើរ៉ូបូតនេះខ្លាំងរហូតនាំគ្នាសុំថតរូបជាមួយថែមទៀត៕

