![អ្នកគ្រប់គ្រង Miss Grand រតនគិរី ប្រកាសធ្វើចំណាត់ការផ្លូវច្បាប់លើរាល់សកម្មភាពនាំឱ្យប៉ះពាល់កិត្តិយសកញ្ញា ម៉ាច ដាវី និង ស្ថាប័ន](https://www.popular.com.kh/wp-content/uploads/2024/06/BeBe-11-06-24-01.jpg)
អ្នកគ្រប់គ្រង Miss Grand រតនគិរី ប្រកាសធ្វើចំណាត់ការផ្លូវច្បាប់លើរាល់សកម្មភាពនាំឱ្យប៉ះពាល់កិត្តិយសកញ្ញា ម៉ាច ដាវី និង ស្ថាប័ន
មកទល់ពេលនេះ ព័ត៌មានបវរកញ្ញា Miss Grand រតនគិរី ម៉ាច ដាវី ធ្លាប់រៀបមង្គលការមានស្វាមីកាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ ត្រូវបានមហាជនអ្នកគាំទ្រ នាំគ្នាចែកចាយពាសពេញបណ្ដាញសង្គម ដោយហេតុថាលក្ខខណ្ឌនៃការប្រឡងបវរកញ្ញា Miss Grand Cambodia 2024 នេះ តម្រូវឱ្យតែស្រ្តីនៅលីវចូលរួមប្រកួតប៉ុណ្ណោះ។
បន្ទាប់ពីដំណឹងរៀបការរបស់បវរកញ្ញា ម៉ាច ដាវី កាន់តែល្បីសុសសាយ ត្រូវអ្នកគាំទ្រនាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត ស្រាប់តែនៅយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand រតនគិរី បានចេញសេចក្ដីជូនដំណឹងឆ្លើយតបទៅមហាជន ច្រានចោលនូវព័ត៌មានដែលល្បីថា ម៉ាច ដាវី ធ្លាប់រៀបការហើយ មិនមែនជាការពិតនោះទេ ដោយស្ថាប័ននឹងបង្ហាញលិខិតបញ្ជាក់ភាពនៅលីវរបស់ ម៉ាច ដាវី ដើម្បីបង្ហាញភាពស្អាតស្អំរបស់នាង។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះ អ្នកគ្រប់គ្រងកម្មវិធី Miss Grand រតនគិរី ក៏បានប្រកាសនឹងចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកចែកចាយព័ត៌មានមិនពិតនេះថា ៖ «ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់រាល់សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិត និង ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់កញ្ញា ម៉ាច ដាវី និង ស្ថាប័នយើង»៕