![ឌីជេវៀតណាមកំពូលសង្ហា ៥ រូប កំពុងជះសម្រស់ធ្វើឱ្យស្រីៗជ្រួលបាក់ចិត្តស្នេហ៍ផ្អើលប្រទេស](https://www.popular.com.kh/wp-content/uploads/2024/03/Master-for-Web-21.jpg)
ឌីជេវៀតណាមកំពូលសង្ហា ៥ រូប កំពុងជះសម្រស់ធ្វើឱ្យស្រីៗជ្រួលបាក់ចិត្តស្នេហ៍ផ្អើលប្រទេស
នៅប្រទេសវៀតណាម បើនិយាយពីវិស័យឌីជេ គឺមិនឱ្យចាញ់បរទេសលោកខាងលិចឡើយ។ ក្រៅពីប្រសប់ចាក់ភ្លេងវ៉ៃឡើងហើយនោះ សម្រស់ឌីជេម្នាក់ៗក៏ស្រស់សង្ហា ឬ អាចថាមិនចាញ់តារាសម្តែងហូលីវូដ។ ចំណោមឌីជេល្បីៗនៅប្រទេសវៀតណាម «ប្រជាប្រិយ» សូមបង្ហាញឌីជេចំនួន ៥ រូប ដែលពួកគេសុទ្ធតែល្បីៗ ជាពិសេសសម្រស់សុទ្ធតែលំដាប់កំពូល ចាក់ចំបេះដូងស្រីៗតែម្តង។
១. ឌីជេ Slim V
ឌីជេ Slim V មានឈ្មោះពិត Cao Văn Vinh ចាប់កំណើតនៅទីក្រុងហាណូយ និង ជាអតីតសិស្សនៅសាលាតូយ៌តន្ត្រីវៀតណាម។ ក្រៅពីជាសមាជិកនៃអ្នកផលិតឧបករណ៍ចាក់ភ្លេង Master Fader និង ជាសមាជិកនៃក្រុមតន្ត្រីរ៉ុក I-Tễu ឌីជេ Slim V ក៏ជាផ្នែកមួយនៃក្រុមគ្រប់គ្រងតន្ត្រីស៊ីហ្វូនីផងដែរ។ កើតនៅឆ្នាំ ១៩៨៨ ឌីជេ Slim V បានដើរលើវិថីឌីជេជាច្រើនឆ្នាំ លោកក៏បានចូលរួមក្នុងការផលិតបទចម្រៀង ដែលធ្វើឱ្យផ្ទុះការគាំទ្រមិនតិចផងដែរ។ ទន្ទឹមនឹងបទពិសោធខ្ពស់លើភ្លេង EDM ឌីជេរូបនេះក៏ល្បីមុខមាត់សង្ហាស្រីៗតាមសុំស្នេហ៍គរនឹងជើង។
២. ឌីជេ Get Looze
វ័យក្មេងជាងគេចំណោមឌីជេទាំង ៥ ឌីជេ Get Looze កើតនៅឆ្នាំ ១៩៩២ នៅទីក្រុងហូជីមិញ។ ទើបប្រឡូកអាជីពឌីជេត្រឹមរយៈពេលប្រាំឆ្នាំ ឌីជេ Get Looze ដែលមានឈ្មោះពិតថា Khương Bảo Khang ទទួលបានជោគជ័យខ្លាំងនៅក្នុងអាជីព។ ជាក់ស្តែង លោកបានប្រកួតឈ្នះក្នុងកម្មវិធីឌីជេក្នុងស្រុក Vietnam Pioneer Digital DJ Battle Season 2014 រួចបានតំណាងឱ្យវៀតណាមទៅប្រកួតលក្ខណៈអន្តរជាតិកម្មវិធី Pioneer DJ Digital Battle Asia-Pacific 2014 ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ លោកទទួលបានពានរង្វាន់នៅក្នុងកម្មវិធី BUDJs 2015 ក្នុងការប្រកួតឌីជេវ័យក្មេងជាងគេរបស់វៀតណាម។ កាន់តែអស្ចារ្យទៀតនោះ ឌីជេ Get Looze ធ្លាប់ត្រូវបានអញ្ជើញជាភ្ញៀវ VIP នៅក្នុងកម្មវិធី Tomorrowland ដែលប្រារព្ធឡើងនៅប្រទេសប្រេស៊ីល ជាកម្មវិធីតន្ត្រី EDM ដ៏ធំបំផុតនៅក្នុងពិភពលោក។
៣. ឌីជេ Nimbai
កើតនៅឆ្នាំ ១៩៩១ ឌីជេ Nimbia ជាមិត្តដែលមិនអាចបំបែកបានពី ឌីជេ Slim V។ ក្រៅពីអាជីពជាឌីជេ លោកក៏មានឥទ្ធិពលនៅក្នុងពិភពហ្វេហ្សិន ជាពិសេសជាបុរសរួសរាយ និងមានមុខមាត់ពោរពេញដោយមន្តស្នេហ៍។ ពេលញញឹមម្តងៗស្រីៗសឹងតែទន់ជង្គង់។ ការចាប់ផ្តើមជាឌីជេ ឌីជេ Nimbia មិនទទួលបានការគាំទ្រពីគ្រួសារឡើយ តែដោយសារការស្រលាញ់ និងមានមហិច្ឆតា វាបានជំរុញឱ្យលោកជោគជ័យមកដល់សព្វថ្ងៃ។ លោកបានចូលរួមក្នុងកម្មវិធីតន្ត្រីទេសចរណ៍អន្តរជាតិជាច្រើន ជាពិសេសលោកបានរួមដៃគ្នាជាមួយឌីជេល្បីៗលំដាប់ពិភពលោកផងដែរ។ លោកមានពាក្យស្លោកផ្ទាល់ខ្លួនមួយឃ្លាថា «ដើរតាមមហិច្ឆតារបស់អ្នក ភាពជោគជ័យនឹងរត់មកតាមអ្នក»។ ថ្មីៗនេះ លោកទើបក្លាយជាផលិតករតន្ត្រីឱ្យក្រុមហ៊ុន ClubG ដែលជាកន្លែងធ្វើតន្ត្រី electronic ធំជាងគេនៅអាស៊ី មានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
៤. ឌីជេ Minh Trí
ចំណោម ឌីជេទាំង ៥ អាចថា Minh Trí គឺជាឌីជេដែលមានមុខមាត់សង្ហាជាងគេ។ តែគួរឱ្យសោកស្តាយសម្រាប់នារីៗ រូបលោកគឺបានរៀបការរួចបាត់ទៅហើយ។ មិនមានឈាមជ័រខាងតន្រ្តី ឬសិល្បៈ ឌីជេដែលកើតឆ្នាំ ១៩៩០ នៅទីក្រុងហានូយរូបនេះ បានពុះពារយ៉ាងខ្លាំងរហូតអាចឈានចូលវិស័យតន្ត្រី និងវិស័យសម្តែងប្រកបដោយភាពជោគជ័យ។ លោកបានសម្តែងរឿងក្នុងស្រុកជាច្រើន រហូតទទួលបានការគាំទ្រពីមហាជន។ ទន្ទឹមនឹងអាជីពជាឌីជេ និងសម្តែង ថ្មីៗនេះ លោកទើបឡើងជានាយករកក្រុមហ៊ុន S.I.N.E ដែលកន្លែងបណ្តុះបណ្តាលឯកទេសទៅលើការសម្តែងសិល្បៈ។
៥. ឌីជេ Huy DX
កើតនៅឆ្នាំ ១៩៨៨ និងមានឈ្មោះពិតថា Đỗ Xuân Huy ឌីជេ Huy DX បានចាប់ផ្តើមអាជីពជាឌីជេនៅឆ្នាំ ២០០៦។ ជាសិស្សបញ្ចប់ការសិក្សានៅប្រទេសបារាំង ឌីជេ Huy DX ធ្លាប់បានបង្ហាញសមត្ថភាពតន្ត្រីតាមកន្លែងកម្សាន្តរាត្រីល្បីៗដូចជា ក្លឹប Fridge Nightclub Toulouse និងក្នុងកម្មវិធីបុណ្យតន្ត្រី French Day Music Festival។ មុនត្រលប់មកប្រទេសវៀតណាម លោកបានប្រឡូកវិស័យតន្ត្រីនៅប្រទេសបារាំងប្រមាណមួយទសវត្សរ៍។ បច្ចុប្បន្ន លោកផ្តោតប្រឡូកតន្ត្រីឌីជេពេញទី ដោយមានការងារនៅតាមបារ ផាប់ ឡោញ និងក្លឹបកម្សាន្តនានា។ លោកក៏មានស្ទូឌីយ៉ូផ្ទាល់ខ្លួននៅសៃហ្គន សម្រាប់ជាកន្លែងបណ្តុះបណ្តាលអ្នកដែលស្រលាញ់វិស័យតន្ត្រី electronic។ លោកជាមនុស្សរួសរាយ រូបរាងមាំមួន ស្រីៗភាគច្រើនតែងឃើញលោកជាបុរសដែលទាក់ទាញបែបរោលរាល ពោល ក្តៅខាងក្នុង ត្រជាក់ខាងក្រៅ៕