![(វីដេអូ) យាយណាង ក្ដុកក្ដួលទប់ទឹកភ្នែកមិនជាប់ តាំងពីមានជំងឺប្រចាំកាយមក កម្របានចូលរួមពិធីជួបជុំអ្នកសិល្បៈ](https://www.popular.com.kh/wp-content/uploads/2024/03/Nang.jpg)
(វីដេអូ) យាយណាង ក្ដុកក្ដួលទប់ទឹកភ្នែកមិនជាប់ តាំងពីមានជំងឺប្រចាំកាយមក កម្របានចូលរួមពិធីជួបជុំអ្នកសិល្បៈ
កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំ អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៦ នៅឯមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីគ្រប់ជំនាន់ ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងប្រទេសកម្ពុជាផងដែរ។
យ៉ាងណា ក្រោយកម្មវិធីបានបញ្ចប់ អ្វីដែលមហាជនបានចាប់អារម្មណ៍ និង ទប់អារម្មណ៍រំជួលចិត្តមិនបាននោះ គឺវីដេអូបង្ហាញពីសកម្មភាពរបស់លោកយាយ នួន សារី ហៅ យាយ យ៉យ និង លោកយាយ ណយ សំណាង ហៅ យាយ ណាង បានយំឱបគ្នាទឹកភ្នែកហូរសស្រាក់។
ជាការពិត លោកយាយ យ៉យ និង លោកយាយ ណាង គឺជាដៃគូសម្តែងកំប្លែងជុំគ្នា កាលជំនាន់លោកយាយ ណាង មិនទានមានជំងឺ ប៉ុន្តែពេលនេះ លោកយាយ ណាង ចាស់ជរា និង មានជំងឺប្រចាំកាយមិនអាចសម្តែងដូចមុនបានទៀតទេ។ លើសពីនោះ អ្វីដែលធ្វើឱ្យតារាកំប្លែងជើងចាស់ ២ រូប ជួបគ្នាក្នុងកម្មវិធីរីករាយ បែរជាហូរទឹកភ្នែកទៅវិញនោះ ក៏ព្រោះតែការនឹករឭកដល់គ្នា។
ម្យ៉ាងវិញទៀត កាន់តែក្តុកក្តួល ការជួបជុំគ្នាម្តងនេះ លោកយាយ ណាង មិនអាចជជែក និយាយសើចសប្បាយដូចមុនបានទៀតទេ ដោយសារលោកយាយ មិនអាចនិយាយបានដូចមុន ពោលគឺអាចនិយាយបានមួយៗតែប៉ុណ្ណោះ។ បញ្ហាលើការនិយាយនេះដែរ លោក វណ្ណា ស័ក្ត ដែលជាកូនប្រុសលោកយាយ ណាង ក៏ធ្លាប់បានប្រាប់នៅលើបណ្តាញសង្គមកន្លងមកដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖