![បវរកញ្ញាខ្មែរ ៤ រូប ល្បីងំក្នុងស្រទាប់មហាជន ទាំងសម្រស់ និង សមត្ថភាពបានមួយចប់](https://www.popular.com.kh/wp-content/uploads/2024/03/14-3.jpg)
បវរកញ្ញាខ្មែរ ៤ រូប ល្បីងំក្នុងស្រទាប់មហាជន ទាំងសម្រស់ និង សមត្ថភាពបានមួយចប់
ជាការពិតណាស់ សម្រាប់កម្មវិធីប្រកួតប្រជែងសម្រស់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែអង្រួនចិត្តមហាជនអ្នកគាំទ្រ ដែលតែងតែស្រឡាញ់ការប្រកួតកម្មវិធីបែបនេះ ជាពិសេសបរវកញ្ញានីមួយៗក៏មានឥទ្ធិពលដល់វិស័យសិល្បៈយ៉ាងខ្លាំងផងដែរ។ ក្នុងនោះដែរ បវរកញ្ញា ៤ រូប ដែលគេតែងឃើញទទួលបានការស្រឡាញ់ និង គាំទ្រពីមហាជន ហើយក៏មានឥទ្ធិពលសម្រាប់វិស័យសិល្បៈផងដែរ។
១. រឿន ណាត
ចំពោះ រឿន ណាត ដែលគ្រប់គ្នាបានដឹងរួចមកហើយ ជាបវរកញ្ញាគ្រងមកុដក្នុងកម្មវិធី Miss Universe Cambodia 2018 ខណៈពេលនោះ រឿន ណាត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដែលតាមដានវិស័យបវរកញ្ញា។ ជាពិសេសក្រោយ រឿន ណាត បញ្ចប់ភារកិច្ចតំណាងឱ្យប្រទេសកម្ពុជាទៅក្រកួតនៅលើឆាកអន្តរជាតិហើយ រឿន ណាត ទទួលបានឱកាសជាតារាសម្ដែង និង មានការងារជាច្រើទៀតក្នុងវិស័យសិល្បៈ។
២. ពេជ្រ វត្តីសារ៉ាវឌ្ឍី
សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា Miss Grand Cambodia 2022 និង លំដាប់រងទី ៥ នៃកម្មវិធី Miss Grand International 2022 ទោះបីពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានផ្ទេរតំណែងទៅឱ្យ Miss Grand Cambodia 2023 រួចក៏ដោយ តែបើនិយាយពីទីផ្សារការងារក្នុងសិល្បៈរបស់នាងវិញ គឺជាប់គ្នារដឹក។ លើសពីនេះ មិនថាការងារក្នុង ឬក្រៅសិល្បៈទេ អតីតបវរកញ្ញារូបនេះ តែងទទួលបានឱកាស និង ទទួលបានប្រជាប្រិយភាពពីមហាជនអ្នកគាំទ្រមិនតិចឡើយ។
៣. ហង្ស ម៉ានីតា
បវរកញ្ញា Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា ទោះមិនបានចូលក្នុង Top ណាមួយនៃកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Universe ក៏ដោយ តែបើនិយាយពីការគាំទ្រ ដែលអ្នកតាមដានវិស័យបវរកញ្ញាមានចំពោះ ហង្ស ម៉ានីតា គឺច្រើនផុសផុលខ្លាំងណាស់។ ដោយអ្នកគាំទ្ររបស់បវរកញ្ញារូបនេះ នៅតែសង្ឃឹមថាថ្ងៃណាមួយ ហង្ស ម៉ានីតា នឹងត្រឡប់មកប្រកួតក្នុងវិស័យបវរកញ្ញានេះម្ដងទៀត។
៤. ប៊ី សុធារី
ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់ និង ឮឈ្មោះបវរកញ្ញា ប៊ី សុធារី រូបនេះរួចមកហើយ ជាពិសេសការត្រឡប់មកវិញរបស់ កញ្ញា ប៊ី សុធារី ក្នុងការប្រកួតវិស័យបវរកញ្ញាដែលរូបនាងទើបតែទទួលបានតំណែងជា Miss Grand ប្រចាំខេត្តកំពុងឆ្នាំង សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៤ នេះ។ ចំពោះការវិលត្រឡប់របស់ ប៊ី សុធារី នៅក្នុងវិស័យមួយនេះ ឃើញថា នាងកាន់តែទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រជាច្រើនក៏សង្ឃឹមថានាងនឹងទទួលបានលទ្ធផលល្អពីការប្រកួតមួយនេះផងដែរ៕