ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យដ៏ឆ្នើម ៥ រូប សម្បូរបទពិសោធ ទោះវ័យចាស់តែខំផ្ទេរចំណេះឱ្យអ្នកបន្តវេន ដើម្បីថែមរតកវប្បធម៌ខ្មែរគង់វង្ស
បច្ចុប្បន្ននេះវិស័យសិល្បៈរបាំព្រះរាជទ្រព្យខ្មែរត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ក្នុងនោះ ក៏ឃើញថាមានកូនខ្មែរជាច្រើនបានងាកមកចាប់អារម្មណ៍ហាត់រៀន និង ចង់សិក្សាស្វែងយល់ទុកជាកេរមតកបន្តទៅឱ្យយុវជនជំនាន់ក្រោយៗទៀត។ ជាការពិតណាស់ ភាពរីកចម្រើននៃសិល្បៈរបាំនោះក៏កើតឡើងចេញពីលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ព្រឹទ្ធបុរសជំនាញខ្មែរនេះឯង ដែលលោកបានខិតខំបង្ហាត់បង្រៀនចែករំលែកដោយឥតមានលាក់លៀម និង មិនគិតពីក្តីនឿយហត់ឡើយ។
ក្នុងនោះ មហាជនកើតក្តីស្ញប់ស្ញែងនូវវីរៈសិល្បកររបាំព្រះរាជទ្រព្យ ៥ ដួង ដែលពោរពេញដោយចំណេះជំនាញ ជាស្ត្រីឆ្នើមដោយលោកបានរួមចំណែកនាំឱ្យសិល្បៈខ្មែររីកលូតលាស់ និង រក្សាបាននូវវប្បធម៌ដ៏ល្អសម្រាប់កូនខ្មែរនាពេលបច្ចុប្បន្នដោយក្នុងនោះរួមមាន៖
១. លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី
ដូចដែលប្រិយមិត្តមួយចំនួនបានស្គាល់រួចមកហើយ លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ហៅ អ្នកគ្រូម៉ុម ដោយលោកជំទាវគឺជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងជាគ្រូបង្ហាត់បង្រៀនរបាំព្រះរាជទ្រព្យដ៏ឆ្នើមផងដែរ។ បច្ចុប្បន្ន លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាតួអង្គនាយរង យក្ស ដែលមានក្បាច់រាំទន់ភ្លន់ និង រឹងមាំ អាចបត់បែនមគ្រប់កាលៈទេសៈ។
២. ព្រឹទ្ធាចារ្យ ប៉ែន សុខហួន
សម្រាប់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន បច្ចុប្បន្នជាទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង សាស្ត្រាចារ្យរបាំបុរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក៏ដូចជាមធ្យមវិចិត្រសិល្បៈផងដែរ។ ដ្បិតថាបច្ចុប្បន្នលោកមានអាយុច្រើនតែក៏នៅបន្តបង្ហាត់បង្រៀនសិស្សគុនផ្នែករបាំនេះដដែល។ សាស្ត្រាចារ្យ មានជំនាញផ្នែកតួនាយរង និង ទេពកោសល្យដឹកនាំរបាំបុរាណយ៉ាងជំនាញ។
៣. សាស្ត្រាចារ្យ ជៀប សុភីលីន
សាស្ត្រាចារ្យ ជៀប សុភីលីន ដែលមាននាមពេញថា សុភីលីន ជៀមសាភីរ៉ូ គឺជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យសិល្បៈផ្នែករបាំបុរាណខ្មែរ ហើយអ្នកស្រីក៏ជាស្ថាបនិក និង ជានាយិកានៃក្រុមសិល្បៈ សុភីលីន មានតួនាទីជាអ្នកបង្ហាត់របាំ ធ្វើបាឋកថាពីសិល្បៈវប្បធម៌ និង ទំនាក់ទំនងទូទៅដូចជាការរកមូលនិធិសម្រាប់ក្រុមសិល្បៈ ជាដើម។ បើនិយាយពីជំនាញសាស្ត្រាចារ្យវិញ គឺជំនាញតួអង្គនាង តួនាយរង ព្រមទាំងយក្សផងដែរ។ បច្ចុប្បន្ន សាស្ត្រាចារ្យ ជាអ្នកបង្ហាត់របាំព្រះរាជទ្រព្យបែបទំនើប ដែលមានការលាយបញ្ចូលនូវសហសម័យ។
៤. សាស្ត្រាចារ្យ សំ សត្យា
បើនិយាយពីសាស្ត្រាចារ្យ សំ សត្យា វិញ ជាអ្នកបង្ហាត់បង្រៀនជំនាញសិល្បៈរបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សាស្ត្រាចារ្យជាគ្រូជំនាញផ្នែកតួអង្គនាង និង មានភាពចំណានលើការបោះកែវក្នុងរបាំមណីមេខលា ហើយត្រូវបានគេចាត់ទុកជានាដការីរបាំឆ្នើមផ្នែករបាំព្រះរាជទ្រព្យ។ ក្នុងនោះ ភាពទន់ភ្លន់ល្វាសល្វន់ ឫកជាតួនាងរបស់ សាស្ត្រាចារ្យ សំ សត្យា តែងទទួលបានការស្ញើចសរសើរមិនដាច់ពីមហាជន។
៥. អ្នកគ្រូ វ័ន សាវ៉ៃ
ចំពោះ អ្នក សាវ៉ៃ ឬ អ្នកគ្រូ វ័ន សាវ៉ៃ គឺជាគ្រូរបាំឯកទេសតួនាងស្ថិននៅចុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី ព្រះមាតាសិល្បៈជាតិខ្មែរ អ្វីដែលសំខាន់ អ្នកគ្រូ វ័ន សាវ៉ៃ ត្រូវបានគេរាប់ជាតួអប្សរាទី ២ បន្ទាប់ពីសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ព្រះនិមិត្តរូបរបាំព្រះរាជទ្រព្យ ដោយលោកចំណាប់ណាស់ត្រង់ការសម្តែងឫកនៃតួអង្គ និង ប៉ិនប្រសប់ក្នុងការត្រង់ត្រាប់ចាប់យកក្បាច់នៃតួអង្គនាងបានយ៉ាងស្រស់ស្អាត និង ល្អឯក៕