ធ្លាយរូបភាព Aum និង Pok ចូលរួមកម្មវិធីតែមួយ ស្រាប់តែអ្នកគាំទ្រផ្ទុះសម្ដីដាក់គ្នាផ្អើលពេញ IG
តាំងពីបែកគ្នាជាមួយអតីតគូស្នេហ៍មក Aum Patcharapa នៅពុំទាន់បង្ហើបនោះទេថានឹងបើកបេះដូងរកអ្នកថែថ្មី ដោយពេលនេះ នាងកំពុងតែយកពេលវេលាទាំងប៉ុន្មានដែលមាន ទៅធ្វើការងារអ្វីដែលនាងស្រឡាញ់ និង ដើរកម្សាន្តនៅកន្លែងដែលនាងចង់ទៅយ៉ាងរីករាយ។
ជាការពិតណាស់ បើទោះបីថាតារាសម្ដែងស្រី Aum Patcharapa បែកគ្នាជាមួយនឹងអតីតសង្សារ លោក Pok ក៏ដោយ ក៏ស្រីស្រស់រូបនេះ នៅតែរាប់អាន និង មានស្នាមញញឹមឱ្យគ្នាជានិច្ច។ តួយ៉ាង នៅក្នុងថ្ងៃមង្គលការរបស់តារាស្រី May Pitchanart កាលពីពេលកន្លងទៅ គេក៏ឃើញវត្តមានតារាស្រី Aum និង ហាយសូរ Pok ទៅចូលរួមផងដែរ។
ក្នុងនោះ ខណៈអតីតគូស្នេហ៍មួយគូនេះ បង្ហាញវត្តមានក្នុងថ្ងៃដ៏ពិសេសរបស់មិត្តភក្តិ គេឃើញថា មហាជនហាក់ជ្រួលច្របល់ចង់ឱ្យអ្នកទាំងពីរត្រឡប់មកត្រូវគ្នាវិញ និង ផ្តើមស្នេហ៍ជាមួយគ្នាម្តងទៀត។ ជាមួយគ្នានោះដែរ អ្នកចាត់ការ Aum ក៏បានបង្ហោះរូបភាព Aum និង Pok ក្បែរគ្នា ប៉ុន្តែបែរជានាំឱ្យមានការបញ្ចេញមតិព្រោងព្រាតពាសពេញបណ្ដាញសង្គម IG ទៅវិញ។
តាមរយៈការបញ្ចេញមតិខាងក្រោមរូបភាពនោះ មានមហាជនខ្លះ បានសុំឱ្យអ្នកទាំងពីរចាប់ផ្តើមសាជាថ្មី និង មតិខ្លះទៀតមិនចង់ឱ្យត្រូវគ្នាឡើយ ព្រោះយល់ថា Aum ជាមនុស្សស្រីលេងខ្លួនមិនចង់ចង់រៀបការ និង មានគ្រួសារនោះទេ។ ដោយឡែក មហាជនខ្លះវិញក៏លើកឡើងថា ពេលនេះលោក Pok មានគូស្នេហ៍ថ្មីហើយមិនចាំបាច់ត្រូវគ្នាក៏បាន។ ជុំវិញមតិចម្រូងចម្រាសនេះ គេឃើញថា IG របស់អ្នកចាត់ការស្រីស្រស់ Aum កំពុងក្លាយជាទីលានផ្ទុះពាក្យសម្ដីយ៉ាងក្តៅគគុក៕