អ្នកគាំទ្របារម្ភខ្លាំង ក្រោយដឹងថា ជំងឺកម្ររបស់ Celine Dion កាន់តែទៅមុខ មិនធូរស្រាលឡើយ
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ សារព័ត៌មាន CNA បានចុះផ្សាយថា បងស្រីរបស់តារាចម្រៀង Celine Dion បានទម្លាយប្រាប់ពីអាការរបស់ប្អូនស្រីគាត់ថា ពេលនេះ ជំងឺរបស់គាត់កាន់តែពិបាកទៅហើយ ព្រោះ Celine បានបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងសាច់ដុំហើយ។
ម្ចាស់បទ «My Heart Will Go On» ដែលមានអាយុ ៥៥ ឆ្នាំរូបនេះ កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ បានប្រកាសឱ្យដឹងថា អ្នកស្រីបានកើតជំងឺ Stiff Person Syndrome ដែលជាជំងឺសរសៃប្រសាទដ៏កម្រមួយ អាចបណ្ដាលឱ្យអ្នកជំងឺមានដៃជើងក្ងិងក្ងង់ និង ពិបាកធ្វើចលនាខ្លាំង។
យ៉ាងណាមិញ ថ្មីៗនេះ បងស្រីរបស់ Celine អ្នកស្រី Claudette Dion ដែលមានអាយុ ៧៤ ឆ្នាំ ក៏បានចែករំលែកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់ប្អូនស្រីថា ៖ «ពេលនេះ Celine បានបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងសាច់ដុំរបស់នាងហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំខូចចិត្តខ្លាំងនោះ គឺប្អូនស្រីរបស់ខ្ញុំជាមនុស្សល្អ មានវិន័យ និង សណ្ដាប់ធ្នាប់ល្អណាស់។ នាងតែងតែព្យាយាមខ្លាំងណាស់ ប៉ុន្តែចុងក្រោយនៅតែមិនអាចបញ្ជាសាច់ដុំបាន»។ ជាមួយគ្នានេះដែរ អ្នកស្រី Claudette បានឱ្យដឹងទៀតថា ៖ «ប្អូនស្រីរបស់ខ្ញុំនៅតែចង់សម្តែង ទោះបីជានាងមានជំងឺក៏ដោយ»។
គួរឱ្យដឹងដែរថា រោគសញ្ញាជំងឺ Stiff Person Syndrome អាចបណ្ដាលឱ្យសាច់ដុំអ្នកជំងឺក្លាយទៅជារឹង ទាំងដងខ្លួន ដៃ និង ជើង ហើយករណីនេះ គឺកម្រណាស់ ពោលគឺមានត្រឹមតែ ១ នាក់ក្នុងចំណោម ១ លាននាក់ប៉ុណ្ណោះ៕
ប្រភព ៖ CNA