
ផាន់ ម៉ូនីកា លាន់មាត់ ធ្មេចបើកៗ កូនស្រីធំពេញរូបពេញរាង ខណៈអាយុទើបជិត ១០ ឆ្នាំ
ចាប់តាំងពីបន្សាត់ខ្លួនឃ្លាតឆ្ងាយពីអាជីពសិល្បៈ ហើយទៅរៀបការសាងជីវិតគ្រួសារជាមួយស្វាមី និង កូនៗមក ជំទាវ ផាន់ ម៉ូនីកា រស់នៅប្រកបដោយសុភមង្គលលើគំនរទ្រព្យសម្បត្តិ ដោយមានស្វាមីស្រឡាញ់ថ្នាក់ថ្នម មានកូនៗគួរឱ្យស្រឡាញ់ ព្រមទាំងមានគ្រួសារមួយប្រកបដោយកិត្តិយស ត្រូវមហាជនស្ងើចសរសើរពីវាសនារបស់អតីតតារាចម្រៀងរូបនេះជាខ្លាំង។
និយាយដល់រឿងកូនៗ ថ្មីៗនេះ ជំទាវ ផាន់ ម៉ូនីកា បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់កូនស្រីបណ្ដូលចិត្តទាំង ២ ហើយរឿងដែលធ្វើឱ្យអ្នកគាំទ្រលួចសម្លឹងមិនឈប់ គឺសម្រស់កូនស្រីច្បងតារាចម្រៀងរូបនេះ ស្រស់ស្អាត ទន់ភ្លន់ អត្តចរិតរម្យទម ជាពិសេសពេលនាងតូចតុបតែងខ្លួនចូលរួមមង្គលការពូបង្កើត (ត្រូវជាប្អូនប្រុសពៅរបស់ឪពុក) ពិតជាស្រស់សោភាខ្លាំងណាស់។
មិនត្រឹមតែប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទេ ដែលនាំគ្នាសរសើរចំពោះរូបសម្រស់នាងតូច សូម្បីតែអ្នកនាង ផាន់ ម៉ូនីកា ដែលជាម្ដាយ ក៏លាន់មាត់ចំពោះរូបរាងកូនស្រីបណ្ដូលចិត្តរបស់ខ្លួនដែរ ដោយកូនស្រីច្បងរូបនេះ អាយុទើបតែជិត ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែកម្ពស់កម្ពរ មុខមាត់ក៏ស្រស់បស់ រូបរាងសមសួន ធំធាត់ឡើងប្រកដោយការមើលថែយ៉ាងយកចិត្តទុកដាក់ពីគ្រួសារ។
ក្រៅពីបង្ហោះរូបភាពរបស់កូនស្រីហើយនោះ ជំទាវ ផាន់ ម៉ូនីកា ក៏បានរៀបរាប់ប្រកបដោយក្ដីស្រឡាញ់ពេញចិត្តចំពោះកូនស្រីថា ៖ «កូនមាសម្ដាយ ធ្មេចបើកៗ កូនជិត ១០ ឆ្នាំហើយ»៕