(វីដេអូ) មិនសំងំស្ងៀម! នាយករង កម្មវិធី MGC 2023 សោម សារ៉ាពេជ្រ ប្រាប់ ៣ ចំណុចទៅអ្នកមិនពេញចិត្តលទ្ធផលប្រកួត
បើទោះជាការប្រកួតកម្មវិធី Miss Grand Cambodia 2023 បានបញ្ចប់ទៅដោយរលូន និង បានស្វែងរកឃើញម្ចាស់មកុដរួចរាល់ទៅហើយក្តី ប៉ុន្តែលទ្ធផលនៃការប្រកួតនៅតែត្រូវបានលើកយកមកវែកញែកលើបណ្តាញសង្គមនៅឡើយ។ ក្នុងនោះ ក៏មានមហាជនមួយចំនួនតូចបានបង្ហាញអារម្មណ៍មិនពេញចិត្ត ក្រោយមកុដ MGC 2023 បានទៅលើកញ្ញា ភឹម ស្រីនោ។
យ៉ាងណា ក្រោយផ្ទុះការវែកញែក ថាកម្មវិធីមិនសុក្រឹតនោះ ស្រាប់តែកញ្ញា សោម សារ៉ាពេជ្រ នាយករងនៃកម្មវិធី MGC 2023 បានបង្ហោះវីដេអូរបស់ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយកនៃកម្មវិធី MGC 2023 និង ម្ចាស់មកុដ MGC 2023 កញ្ញា ភឹម ស្រីនោ កំពុងឱបគ្នាយំសស្រាក់ក្រោយរងការរិះគន់ជាបន្តបន្ទាប់។
ងាកមកកញ្ញា សោម សារ៉ាពេជ្រ វិញ ក៏បានបង្ហោះសារ និង បានលើកយក ៣ ចំណុចសំខាន់ៗផ្តាំទៅដល់អ្នកវែកញែកយ៉ាងចាក់ដោតថា៖ «ខ្ញុំមិនចង់និយាយអ្វីទេ! តែអ្នកកំពុងបំផ្លាញទឹកចិត្ត ការខំប្រឹងប្រែងរបស់ពួកគាត់។ ទី ១ ថ្នាក់ដឹកនាំរបស់កម្មវិធី គាត់ធ្វើចេញពីការស្រឡាញ់ ចំណាយលុយផ្ទាល់ខ្លួនច្រើនលើសពីការឧបត្ថម្ភ ដើម្បីឱ្យអន្តរជាតិមកមើលកម្ពុជា និយាយវ៉ាវ កម្ពុជាអស្ចារ្យ។ គាត់សុក្រឹត គាត់មើលគ្រប់យ៉ាងមុននឹងសម្រេចចិត្ត សូម្បីខ្ញុំ និង គាត់ មិនដឹងផងអ្នកណានឹងគ្រងមកុដមួយនេះ ដល់វិនាទីចុងក្រោយនៃការបូកពិន្ទុទើបយើងដឹង។ ទី ២ ខ្ញុំបញ្ជាក់! សំណួរដែលយកឱ្យ គឺបេក្ខភាពចាប់មិនមានការហុចឱ្យឡើយ គ្រប់គ្នាជាសាក្សី។ ទី៣ ស្រីនោ នាងធ្វើវាបានដោយសមត្ថភាពរបស់នាង មិនមែននាងបានវាដោយភាពអយុត្តិធម៌ឡើយ។ អ្នកទាំងអស់គ្នា គួរសប្បាយចិត្តនូវសមិទ្ធផល ដែលខ្មែរយើងទទួលបាន ជួយជាកម្លាំងចិត្ត គាំទ្រនាងឱ្យសមនាមជាកូនខ្មែរ ចេះស្រឡាញ់គ្នា កុំឱ្យជនជាតិគេស្រឡាញ់នាង តែជនជាតិយើងបែរជាព្យាយាមបន្ថែមព្យុះភ្លៀង ពាក្យចចាមរាមដោយមិនពិត បំបាក់ទឹកចិត្តនាង នាងពិតជាមានភារកិច្ចជូនប្រទេសជាតិទៅកាន់ឆាកអន្តរជាតិច្រើនណាស់! ការងារនាងទៅកាន់អន្តរជាតិ ច្រើនជាងរាល់ឆ្នាំ ជួយលើកទឹកចិត្តនាងផង»៕
សូមទស្សនាវីដេអូ ខាងក្រោមនេះ៖