![នេះបានហៅថាមិត្តអមតៈមែន! Anne, Nat Myria និង Kik កម្រជួបគ្នា តែពេលបានជួបម្តងផ្អើលអ្នកគាំទ្រ](https://www.popular.com.kh/wp-content/uploads/2023/07/Pn-1-3.jpg)
នេះបានហៅថាមិត្តអមតៈមែន! Anne, Nat Myria និង Kik កម្រជួបគ្នា តែពេលបានជួបម្តងផ្អើលអ្នកគាំទ្រ
អស់រយៈពេល ៣០ ឆ្នាំហើយ ដែលកំពូលតារាសម្ដែងស្រីជួរមុខក្នុងប្រទេសថៃ Anne Thongprasom តារាសម្ដែងស្រីឆ្នាសឆ្នើម Nat Myria និង តារាសម្ដែងស្រី Kik Suwatjanee រាប់អានគ្នាមិត្តសម្លាញ់។ ក្នុងរយៈពេលដ៏យូរនេះ គេឃើញថាមិត្តសម្លាញ់ទាំងបីតែងតែរកឱកាសជួបគ្នាដើម្បសំណេះសំណាល និង បង្កើនចំណងមិត្តភាពឱ្យបានគង់វង្ស។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កំពូលតារាស្រីទាំងបីបានណាត់ជួបគ្នានៅផ្ទះរបស់តារាស្រី Anne ដើម្បីរំឭកនូវអនុស្សារីយ៍ល្អៗកាលពីមុន និង សួរសុខទុក្ខគ្នាទៅវិញទៅមក ព្រោះកម្រណាស់ដែលតារាស្រីទាំងបីមានឱកាសជួបគ្នាបែបនេះនោះ ដោយម្នាក់ៗសុទ្ធសឹងតែរវល់ការងាររៀងៗខ្លួន។
ទន្ទឹមនឹងការជួបគ្នានោះ គេឃើញអ្នកទាំងបីបានចេញមកបង្ហោះរូបភាពកៀកកើយគ្នាយ៉ាងស្និទ្ធស្នាល ផ្តល់ស្នាមញញឹមយ៉ាងកក់ក្តៅក្នុងនាមជាមិត្តយល់ចិត្ត។ ងាកទៅមើលមហាជនវិញ ខណៈឃើញមិត្តភាពតារាស្រីទាំងបីនៅតែគង់វង្សស្ថិតស្ថេរ គេឃើញថាម្នាក់ៗផ្ទុះការសរសើរព្រោងព្រាត។ លើសពីនោះ បើនិយាយពីសម្រស់តារាស្រីទាំងបីក៏នៅតែវ័យក្មេង និង ស្រស់ស្អាតផងដែរ ហាក់មិនចាស់ទៅណាឡើយ៕