
អុញនុះ! Jungkook ឧស្សាហ៍ Live និយាយគ្នាលេងជាមួយគាំទ្រយប់ៗពេក រហូតអ្នកជិតថាឱ្យបែបនេះផាំងៗ
មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រវិស័យចម្រៀងកូរ៉េ K-pop ជាពិសេសអ្នកគាំទ្រក្រុមចម្រៀង BTS តែងសង្កេតឃើញ Jungkook ជានិច្ចកាលមកធ្វើការ Live ជជែកគ្នាលេងពីនេះពីនោះជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនញឹកញាប់។
មិនត្រឹមតែនិយាយគ្នាលេងជាមួយនឹងអ្នកគាំទ្រប៉ុណ្ណោះទេ ដោយថ្ងៃមួយចំនួនទៀតលោកក៏ច្រៀងលេងដើម្បីឱ្យអ្នកកំពុងមើលបានស្ដាប់ផងដែរ ប្រៀបដូចជាការប្រគំតន្រ្តីតូចមួយអ៊ីចឹង ដែលធ្វើឱ្យអ្នកទស្សនា ជាពិសេសអ្នកគាំទ្រជាច្រើនរីករាយជាខ្លាំង។
យ៉ាងណាមិញ កាលពីទៀបភ្លឺម៉ោង ២ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ លោកក៏បានមកអង្គុយ Live ជាថ្មីម្ដងទៀតនៅក្នុងបណ្ដាញសង្គម Weverse ព្រមទាំងបានប្រាប់មកកាន់អ្នកទស្សនាពីដំណឹងមិនល្អផងដែរថា ៖ «អ្នកជិតខាងរបស់លោកបានត្អូញត្អែរថាវាមានភាពរំខានណាស់ទៅដល់ពួកគេ នៅពេលដែល Jungkook ចេញមក Live ម្ដងៗ។ ម្យ៉ាងដោយសារលោកបើកសំឡេងចម្រៀងឮៗ ច្រៀងការ៉ាអូខេ នៅម៉ោងដែលគេឯងកំពុងតែគេងជាដើម»។
បន្ទាប់មកលោកក៏បានបន្ដថា ៖ «លោកនឹងមិនឈប់ធ្វើការ Live បន្តនោះទេ គ្រាន់តែលោកអាចនឹងកាត់បន្ថយវាតែប៉ុណ្ណោះ»។ បន្ទាប់មក Jungkook បានបន្តច្រៀងបទ «Cupid» របស់ FIFTY FIFTY ជាមួយសំឡេងស្រាលជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រសរសើរពីការច្រៀងយ៉ាងស្រទន់របស់រូបគេ៕