
ប្រាសាទ ដាវីន ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញា និង បុរសឯកដល់ទៅ ២
មហាជននិយមតាមការងារសិល្បៈរបស់អតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ជំនាន់ទី ៤ ឆ្នាំ ២០០៦ អ្នកនាង ប្រសាទ ដាវីន ច្បាស់ជាបានជ្រាបហើយ ក្រោយពីវិលត្រឡប់ពីការរស់នៅក្រៅប្រទេសជាច្រើនឆ្នាំ និង បានបោះជំហានចូលប្រឡូកក្នុងវិស័យដើរម៉ូដវិញនោះ អ្នកនាង ប្រាសាទ ដាវីន នៅតែទទួលបានប្រជាប្រិយដូចដើម។
លើសពីនោះ អ្នកនាង ប្រាសាទ ដាវីន បានក្តោបតំណែងជាបវរកញ្ញា Universal Woman Cambodia 2023 និង តំណាងកម្ពុជាទៅចូលរួមនៅឯប្រទេសឌូបៃ ទទួលបានជ័យលាភីលំដាប់រងទី ៤ Universal Woman 2023 ថែមទៀតផង។
យ៉ាងណាក្រោយសាងកេរ្តិ៍ឈ្មោះបន្ថែមលើវិស័យបវរកញ្ញា កាលពីអំឡុងដើមខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ប្រាសាទ ដាវីន បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល ដោយបវរកញ្ញា Universal Woman Cambodia 2023 រូបនេះ បានទិញសិទ្ធធ្វើជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាថ្មីមួយនាំមកកម្ពុជា គឺកម្មវិធី Miss Environment Cambodia។
លើសពីនោះ មកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ពោលគឺមិនដល់ ១ ខែផង ស្រាប់តែ អ្នកនាង ប្រាសាទ ដាវីន បានក្លាយទៅជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបុរសឯកមួយផ្សេងទៀតមកកម្ពុជា គឺកម្មវិធី Mister Friendship Cambodia ដែលអ្នកនាងបានទិញសិទ្ធមក។
ក្រោយទទួលបានជោគជ័យមួយកម្រិតទៀត ក្លាយទៅជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃកម្មវិធីប្រកួតកញ្ញា និង បុរសឯកដល់ទៅ ២ មហាជនអ្នកគាំទ្ររបស់ស្ដ្រីដ៏មានសក្ដានុពល អ្នកនាង ប្រាសាទ ដាវីន បានចូលរួមអបអរខ្លាំងចំពោះអ្នកនាង និង អន្ទះសាទន្ទឹងរង់ចាំនៃការប្រកួតលំដាប់អន្តរជាតិនៃកម្មវិធី Miss Environment Cambodia និង កម្មវិធី Mister Friendship Cambodia ផងដែរ៕